ការស្ទង់មតិមួយបង្ហាញថា មនុស្សពេញវ័យអាមេរិកជាង ៦០% គិតថា ការផ្តល់អំណាចឱ្យប្រធានាធិបតីអាមេរិក លោក Donald Trump កាន់តែច្រើន ជារឿង "ដ៏ប្រថុយប្រថាន" ខ្លាំងណាស់។
មជ្ឈមណ្ឌលស្រាវជ្រាវ Pew របស់សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រសប្ដាហ៍មុន បានចេញផ្សាយលទ្ធផលនៃការស្ទង់មតិរបស់ខ្លួនលើមនុស្សប្រហែល ៥.០៩០នាក់ ដែលបានធ្វើឡើងនៅចន្លោះថ្ងៃទី២៧ ខែមករា ដល់ថ្ងៃទី០២ ខែកុម្ភៈ។
នៅពេលសួរអំពីការផ្ដល់អំណាចបន្ថែមដល់ប្រធានាធិបតីអាមេរិក តួលេខភាគច្រើននៃអ្នកឆ្លើយតបបាននិយាយថា នោះនឹង "ប្រថុយប្រថានពេកហើយ" ។
ការស្ទង់មតិនេះកើតឡើងនៅពេលដែលលោក Trump កំពុងធ្វើការផ្លាស់ប្តូរគោលនយោបាយដ៏សំខាន់ពីរដ្ឋបាលមុន ដោយការចុះហត្ថលេខាលើក្រឹត្យជាច្រើន។ ក្រុមអ្នករិះគន់និយាយថា ក្រឹត្យមួយចំនួនដែលចេញដោយលោក Trump លើសពីសិទ្ធិអំណាចរដ្ឋធម្មនុញ្ញរបស់ប្រធានាធិបតីអាមេរិក៕


