ក្រសួងការបរទេសរបស់ប្រទេសអូម៉ង់ បាឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សន្និសីទមហាសមុទ្រឥណ្ឌាលើក ទី ៨ បានចាប់ផ្តើម នៅក្នុងប្រទេសនេះ កាលពីថ្ងៃអាទិត្យ ដើម្បីស្វែងរកឱកាស និងបញ្ហាប្រឈមនានា ចំពោះពាណិជ្ជកម្ម និងសន្តិសុខដែនសមុទ្រ ថាមពលកកើតឡើងវិញ និងការច្នៃប្រឌិតបច្ចេកវិទ្យា។
ព្រឹត្តិការណ៍រយៈពេល ពីរថ្ងៃ ក្រោមប្រធានបទ «ដំណើរឆ្ពោះទៅកំណាក់កាលថ្មីនៃភាពជាដៃគូដែន សមុទ្រ» ដែលរៀបចំឡើងដោយក្រសួងការបរទេសសហការជាមួយមូលនិធិឥណ្ឌា បានអញ្ជើញរដ្ឋមន្ត្រី និងអ្នកជំនាញពិភពលោក ក្នុងវិស័យសមុទ្រ សេដ្ឋកិច្ច និងកិច្ចការទូត ចូលរួម។ នេះបើយោងតាមសេចក្តីថ្លែងការណ៍។
សេចក្តីថ្លែងការណ៍ បានដកស្រង់សម្តីរបស់រដ្ឋមន្ត្រីការបរទេសអូម៉ង់លោក Sayyid Badr Al Busaidi ក្នុងពិធីបើកថា«មហាសមុទ្រឥណ្ឌាមិនគ្រាន់តែជាប្រភពទឹកប៉ុណ្ណោះទេ ប៉ុន្តែជាសរសៃឈាមសេដ្ឋកិច្ច ដ៏សំខាន់ ជាវេទិកាសម្រាប់ការផ្លាស់ប្តូរពាណិជ្ជកម្ម និងជាស្ពានតភ្ជាប់ទំនាក់ទំនងជាមួយប្រទេសនានា។
លោក Al Busaidi បាននិយាយថា ភាពជាដៃគូក្នុងចំណោមបណ្តាប្រទេសមហាសមុទ្រឥណ្ឌា ពង្រីកលើសពីកិច្ចការដែនសមុទ្រ ដើម្បីរួមបញ្ចូលថាមពល បច្ចេកវិទ្យា និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព ដែលមានសារៈសំខាន់ ក្នុងការធានាសន្តិសុខ និងវិបុលភាពនៃមហាសមុទ្រឥណ្ឌា។
លោកបានអះអាងថា ប្រទេសអូម៉ង់ បានប្តេជ្ញាចិត្តក្នុងការជំរុញកិច្ចសន្ទនា គោរពពហុភាគីនិយម ស្វែងរកមូលដ្ឋានរួម ជាជាងភាពខុសគ្នា និងការកសាងភាពជាដៃគូគ្រប់ជ្រុងជ្រោយ ដែលធានានូវឱកាសសមធម៌សម្រាប់ទាំងអស់គ្នា។
ដោយបានចាប់ផ្តើមដំណើរការ ក្នុងឆ្នាំ ២០១៦ ពីមូលនិធិឥណ្ឌានៅប្រទេសសិង្ហបុរី ដោយមានការចូលរួមពីប្រទេសចំនួន ៣០ ចាប់តាំងពីពេលនោះមក សន្និសីទនេះ បានបម្រើជាវេទិកាមួយសម្រាប់ប្រទេសមកពីតំបន់ និងលើសពីនេះ ដើម្បីពិភាក្សាអំពីបញ្ហារួមទាំងសន្តិសុខ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបញ្ហាប្រឈមផ្នែកបរិស្ថាន។