មន្ត្រីប្រធានាធិបតីបារាំងមួយរូបបានលើកឡើងថា ការពន្លឿនការទូតរបស់អ៊ុយក្រែនមានន័យថា អឺរ៉ុបត្រូវតែប្រឹងប្រែងបន្ថែមទៀត និងក្នុងវិធីប្រសើរជាងមុន នៅមុនកិច្ចពិភាក្សាក្រៅផ្លូវការនៅល្ងាចថ្ងៃចន្ទ (១៧ កុម្ភៈ) នេះ ក្នុងចំណោមមេដឹកនាំអឺរ៉ុបសំខាន់ៗមួយចំនួននៅទីក្រុងប៉ារីស។
ប្រធានាធិបតីអាមេរិក លោក Donald Trump បានធ្វើឱ្យសម្ព័ន្ធមិត្តអឺរ៉ុបនៅក្នុងអង្គការណាតូ និងអ៊ុយក្រែន មានការភ្ញាក់ផ្អើលកាលពីសប្តាហ៍មុន នៅពេលលោកប្រកាសថាបានពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដោយមិនពិគ្រោះជាមួយពួកគេជាមុន ហើយនឹងចាប់ផ្តើមដំណើរការសន្តិភាពនៅអ៊ុយក្រែន។
មន្រ្តីបារាំងរូបនោះបាននិយាយថា "លទ្ធផលនៃការបង្កើនល្បឿនលើបញ្ហាអ៊ុយក្រែន និងអ្វីដែលមេដឹកនាំអាមេរិកកំពុងលើកឡើង ជាតម្រូវការចាំបាច់សម្រាប់អឺរ៉ុបក្នុងការប្រឹងប្រែងបន្ថែមទៀត ឱ្យកាន់តែប្រសើរ និងក្នុងលក្ខណៈរួមគ្នា សម្រាប់សន្តិសុខរួមរបស់ពិភពលោក"។
បេសកជនអ៊ុយក្រែនរបស់លោក Trump លោក Keith Kellogg បានធ្វើឱ្យអឺរ៉ុបកាន់តែបារម្ភកាលពីថ្ងៃសៅរ៍ នៅពេលលោកនិយាយថា អឺរ៉ុបនឹងមិនមានកៅអីនៅតុចរចាសន្តិភាពអ៊ុយក្រែនទេ សូម្បីតែបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានផ្ញើកម្រងសំណួរទៅកាន់រដ្ឋធានីអឺរ៉ុប ដើម្បីសាកសួរថា តើពួកគេអាចរួមចំណែកអ្វីខ្លះដល់ការធានាសន្តិសុខសម្រាប់ទីក្រុងគីវក៏ដោយ៕