ប៉េតង់៖ ល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា កីឡាការិនី អ៊ុក ស្រីមុំ និងមិត្តរួមក្រុម ព្រមទាំងគ្រូបង្វឹកបានមកដល់ព្រះរាជាណាចក្រកម្ពុជាវិញ បន្ទាប់ពីដណ្តើមបានមេដាយមាសពីការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោក ២០២១ នៅប្រទេសអេស្ប៉ាញលើវិញ្ញាសាវាយយកពិន្ទុក្រោយឈ្នះកីឡាការិនីថៃវគ្គផ្ដាច់ព្រ័ត្រ។

កីឡាការិនីដែលទៅចូលរួមការប្រកួតនេះមាន អ៊ុក ស្រីមុំ, ស្រ៊ាង សុរ៉ាឃីម, អ៊ុន ស្រីយ៉ា និងកីឡាការិនី ឃួន យ៉ារី ដឹកនាំដោយគ្រូបង្វឹក សុខ ម៉ុង។ នេះលើកទី១ របស់កីឡាការិនី អ៊ុក ស្រីមុំ ដែលឈ្នះមេដាយមាសលំដាប់ពិភពលោកលើវិញ្ញាសាវាយយកពិន្ទុ ប៉ុន្តែជាមេដាយមាសពិភពលោកទី២ បន្ទាប់ពីដណ្តើមបាននៅបែលហ្ស៊ិកឆ្នាំ២០១៧ លើវិញ្ញសាឯកត្តជននារី។ មេដាយមាសរបស់កីឡាការិនី អ៊ុក ស្រីមុំ ធ្វើឱ្យកម្ពុជាក្លាយជាប្រទេសជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្រកីឡាប៉េតង់លើវិញ្ញាសាវាយយកពិន្ទុ គ្មានប្រទេសណាធ្វើបានដោយឈ្នះមេដាយមាស ៥សម័យកាលជាប់គ្នាក្នុងនោះវីរកីឡាការិនី កែ ឡេង ធ្វើបាននាឆ្នាំ២០១៣ នៅបារាំង, ២០១៥ នៅថៃ, ២០១៧ នៅចិន និង ២០១៩ នៅកម្ពុជា។ ចំនែកការប្រកួតវិញ្ញាសា ៣ទល់៣ ក្រុមកីឡាការិនីកម្ពុជាធ្លាក់ត្រឹមវគ្គ ១/៤ ផ្ដាច់ព្រ័ត្រក្រោយចាញ់ទុយនីស៊ី។

រីឯក្រុមកីឡាករប៉េតង់កម្ពុជាដែលរួមមានកីឡាករ សុខ ចាន់មាន, ថោង ឈឿន, ញ៉ែម បូរ៉ា និង ស៊ីង វង់ និងគ្រូបង្វឹក អ៊ឹម ផាត បានធ្វើដំណើរទៅប្រទេសអេស្ប៉ាញចូលរួមការប្រកួតជើងឯកពិភពលោក២០២១ ផ្នែកបុរសដែលដំណើរការប្រកួតពីថ្ងៃនេះរហូតដល់ថ្ងៃទី២១ ខែវិច្ឆិកា។ ឆ្នាំ២០១៦ នៅប្រទេសម៉ាដាហ្កាស្កានៃតំបន់អាហ្វ្រិកខាងកើត កីឡាករ សុខ ចាន់មាន ជាជើងឯកពិភពលោកវាយយកពិន្ទុ បន្ទាប់ពីឈ្នះកីឡាករបារាំង ប្រ៊ុយណូ ក្នុងពិន្ទុ ៣៦ទល់នឹង២៩ ខណៈ២០១៨ នៅកាណាដា កីឡាកររូបនេះធ្វើមិនបានល្អ។ ការប្រកួត ៣នាក់ទល់នឹង ៣នាក់បុរសឆ្នាំ២០១៦ ក្រុមកីឡាករកម្ពុជាឡើងដល់វគ្គ ៨ក្រុមចុងក្រោយ និង២០១៨ បញ្ចប់ត្រឹមជុំទី១ តែប៉ុណ្ណោះ៕
អត្ថបទ៖ គង់ ហួន