រដ្ឋមន្ត្រីការបរទេសទួរគី បាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រទេសរបស់លោក នឹងពិចារណាឡើងវិញអំពីវត្តមានយោធារបស់ខ្លួន នៅភាគឦសានប្រទេសស៊ីរី ប្រសិនបើមេដឹកនាំថ្មីរបស់ប្រទេសនោះ កម្ចាត់ក្រុមសកម្មប្រយុទ្ធឃើដ ដែលត្រូវបានចាត់ទុកថា ជាអង្គការភេរវកម្មដោយទួរគី សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។
លោក Hakan Fidan បាននិយាយនៅក្នុងសន្និសិទសន្តិសុខទីក្រុង Munich ជាមួយរដ្ឋមន្ត្រីការបរទេសស៊ីរី លោក Asaad Al-Shaibani ដែលមិនបានធ្វើអត្ថាធិប្បាយអំពីការលើកឡើងនោះទេ។ លោក Fidan ធ្លាប់បានបង្ហាញគំនិតបែបនេះ ពីមុនមក។
គណបក្សពលករឃើដ ឬ PKK បានធ្វើការបះបោរប្រឆាំងនឹងប្រទេសទួរគី អស់រយៈពេលជាច្រើនទសវត្សរ៍ ដោយស្វែងរកស្វ័យភាពកាន់តែខ្លាំងសម្រាប់ប្រជាជនឃើដ។
លោក Fidan បាននិយាយថា៖«យើងមិនអាចអត់ឱនឲ្យក្រុមជីវពលប្រដាប់អាវុធ ក្នុងទម្រង់ណាមួយឡើយ» ។ លោកបានបន្ថែមថា ក្រុមបែបនេះ គួរតែត្រូវបានរួមបញ្ចូល «ក្រោមកងទ័ពជាតិតែមួយ» នៅក្នុងប្រទេសស៊ីរី ហើយបានបញ្ជាក់ថា មេដឹកនាំថ្មីរបស់ខ្លួន បានឆ្លើយតបទៅនឹងគំនិតនោះ។
លោក Al-Shaibani ពិតជាបាននិយាយគាំទ្រដល់ការរំសាយអាវុធគ្រប់ក្រុមមិនមែនរដ្ឋ និងរួមទាំងជនជាតិឃើដ នៅក្នុងរដ្ឋាភិបាលថ្មីរបស់ស៊ីរី។
វត្តមានរបស់កងកម្លាំងដែលគាំទ្រដោយទួរគី នៅភាគឦសានប្រទេសស៊ីរី បានកើនឡើងយ៉ាងខ្លាំង ចាប់តាំងពីក្រុមបះបោរ បានបណ្តេញអតីតប្រធានាធិបតីលោក បាសា អាល់អាសាដ( Bashar Assad) កាលពីចុងឆ្នាំមុន ហើយកងកម្លាំង បាននិងកំពុងតម្រង់គោលដៅទៅលើកងកម្លាំងឃើដ ខ្លាំងជាងមុន។