នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) បានព្រមានថា អ៊ីស្រាអែល នឹងមិនអត់ឱនឲ្យប្រទេសស៊ីរី ដែលត្រូវបានប្រើប្រាស់ជាមូលដ្ឋាន សម្រាប់ការវាយប្រហារលើទឹកដីរបស់ខ្លួននោះទេ។
លោក ណេតាន់យ៉ាហ៊ូ បាននិយាយ បន្ទាប់ពីកិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកដែលកំពុងបពេញទស្សនកិច្ច លោក Marco Rubio ថា៖«បច្ចុប្បន្ននេះ ប្រសិនបើកងកម្លាំងផ្សេងទៀត ជឿថា អ៊ីស្រាអែលនឹងអនុញ្ញាតឲ្យកងកម្លាំងអរិភាពផ្សេងទៀត ប្រើប្រាស់ស៊ីរីជាមូលដ្ឋានប្រតិបត្តិការប្រឆាំងនឹងយើង នោះ ពួកគេមានកំហុសយ៉ាងធ្ងន់ធ្ងរ»។
លោកបានសន្យាថា៖«អ៊ីស្រាអែល នឹងធ្វើសកម្មភាព ដើម្បីទប់ស្កាត់ការគំរាមកំហែងណាមួយមិនឲ្យកើតមានឡើង នៅភាគនិរតីនៃប្រទេសស៊ីរី»។
យោងតាមនាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះ បានឲ្យដឹងថា លោកបានពិភាក្សាជាមួយលោក Rubio អំពីស្ថានភាព នៅក្នុងប្រទេសស៊ីរី បន្ទាប់ពីការផ្លាស់ប្តូរអំណាច នៅក្នុងប្រទេសនេះ។
លោក Rubio បានមកដល់ទីក្រុងតែលអាវីវរបស់ប្រទេសអ៊ីស្រាអែល ( Tel Aviv) កាលពីថ្ងៃសៅរ៍។