ទីប្រឹក្សាសន្តិសុខជាតិ លោក Mike Waltz បាននិយាយថា សហរដ្ឋអាមេរិកសមនឹងទទួលបាន «ផលតបវិញ» ពីប្រទេសអ៊ុយក្រែន សម្រាប់ការគាំទ្ររបស់ខ្លួន ប្រឆាំងនឹងការលុកលុយរបស់រុស្ស៊ី ហើយថា ប្រធានាធិបតី លោក Volodymyr Zelensky នឹង «មានភាពឆ្លាតវៃ» ទទួលយកកិច្ចព្រមព្រៀងរ៉ែដែលត្រូវបានផ្តល់ជូន កាលពីសប្តាហ៍មុន។
យោងតាមបុគ្គល ២រូបដែលដឹងពីការពិភាក្សានេះ បានឲ្យដឹងថា សហរដ្ឋអាមេរិក បានផ្តល់កិច្ចព្រមព្រៀងមានតែភាគីម្ខាងដល់អ៊ុយក្រែន ដើម្បីមានលទ្ធភាពទទួលបានរ៉ែកម្ររបស់អ៊ុយក្រែន បន្ទាប់ពីបញ្ចប់សង្រ្គាម ប៉ុន្តែមិនមានការធានាថា អ៊ុយក្រែននឹងត្រូវបានអនុញ្ញាតឲ្យចូលរួមក្នុងកិច្ចចរចាសន្តិភាព រវាងសហរដ្ឋអាមេរិក និងរុស្ស៊ី អំពីការបញ្ចប់សង្រ្គាមនោះឡើាយ។
ដោយនិយាយជាមួយប្រព័ន្ធផ្សព្វផ្សាយ Fox News កាលពីថ្ងៃអាទិត្យ លោក Waltz បានហៅកិច្ចព្រមព្រៀងនេះថា «មានការការពារនៅក្នុងខ្លួនវាដោយផ្ទាល់» ដោយលោកបានពន្យល់ថា៖ «ខ្ញុំមិនអាចគិតឃើញអ្វីផ្សេង ដែលនាំឲ្យមានការធានាសន្តិសុខល្អជាងការវិនិយោគជាមួយលោកប្រធានាធិបតី Donald Trump នោះឡើយ»។
លោកបានសង្កត់ធ្ងន់ថា៖ «ប្រជាជនអាមេរិកសមនឹងទទួលបានអ្វីត្រលប់មកវិញខ្លះ ពោលគឺសមនឹងទទួលបានផលតបស្នងមកវិញ សម្រាប់ជំនួយរាប់ពាន់លានដែលពួកគេបានដាក់ចូលនៅក្នុងសង្រ្គាមនេះ។ ខ្ញុំគិតថា លោក Zelensky នឹងមានភាពឆ្លាតវៃ ហើយសម្រេចចិត្តប្រកបដោយប្រយោជន៍ឈានដល់កិច្ចព្រមព្រៀងនេះជាមួយសហរដ្ឋអាមេរិក»។
នៅពេលត្រូវបានសួរអំពីការចំណាយលើសង្គ្រាមរយៈពេល ៣ឆ្នាំដល់ប្រជាជនអ៊ុយក្រែន លោក Waltz បាននិយាយថា «សូមមើលចុះ ប្រជាជនអ៊ុយក្រែនបានប្រយុទ្ធយ៉ាងក្លាហាន ពួកគេបានឃើញទីក្រុងទាំងមូលត្រូវបានបំផ្លាញ សហរដ្ឋអាមេរិក និងអឺរ៉ុប បានគាំទ្រកិច្ចប្រឹងប្រែងនេះ ប៉ុន្តែសហរដ្ឋអាមេរិក បានទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរមិនអាចប្រកែកបាន ដោយសារការគាំទ្រនេះ»៕