លោក Yoon Suk Yeol ប្រធានាធិបតីដែលត្រូវបានចោទប្រកាន់ទម្លាក់តំណែង កំពុងប្រឈមនឹងការរំពឹងទុកកាន់តែខ្លាំងឡើងៗ អំពីលទ្ធភាព ដែលថា រូបលោកអាចនឹងលាលែងពីតំណែងដោយស្ម័គ្រចិត្ត មុនពេលមានសាលក្រមរបស់តុលាការធម្មនុញ្ញ ដែលសម្រេចជាផ្លូវការថា តើលោកនឹងត្រូវបញ្ចប់តួនាទី ឬយ៉ាងណា។
ពាក្យចចាមអារ៉ាមបែបនេះ ហាក់ដូចជាមិនបាត់ទាល់តែសោះ បើទោះបីមេធាវីរបស់លោក Yoon បានច្រានចោលនូវលទ្ធភាពនៃការលាលែងពីតំណែងរបស់លោកក៏ដោយ ហើយច្បាប់របស់កូរ៉េខាងត្បូងបង្ហាញថា ការលាលែងពីតំណែងមិនមែនជាជម្រើសដែលអាចសម្រេចបាន សម្រាប់ប្រធានាធិបតីក្នុងតំណែងដែលត្រូវបានចោទប្រកាន់ពីបទដឹកនាំរដ្ឋប្រហារដោយខ្លួនឯង ហើយប្រឈមមុខនឹងការកាត់ទោសទាំងបទឧក្រិដ្ឋ និងការចោទប្រកាន់ទម្លាក់តំណែងនោះឡើយ។
កាលពីថ្ងៃអាទិត្យ (ទី១៦ ខែកុម្ភៈ) តំណាងរាស្ត្រ លោក Park Jie-won មកពីគណបក្សប្រឆាំងដ៏ធំរបស់កូរ៉េខាងត្បូង គឺបក្សប្រជាធិបតេយ្យ បានលើកឡើងនៅលើគណនី Facebook របស់លោកថា លោក Yoon មិនមានសិទ្ធិចុះចេញពីតំណែងដោយស្ម័គ្រចិត្តទេ ព្រោះមន្ត្រីសាធារណៈណាម្នាក់ ដែលប្រឈមនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋ ឬការចោទប្រកាន់ទម្លាក់តំណែង មិនអាចលាលែងពីតំណែង រហូតដល់តុលាការសម្រេចចុងក្រោយ។
គួររំលឹកថា នៅក្នុងប្រវត្តិសាស្ត្រទំនើបរបស់ប្រទេសកូរ៉េខាងត្បូង លោក Syngman Rhee ដែលជាប្រធានាធិបតីទី១ របស់ប្រទេស គឺជាប្រធានាធិបតីតែម្នាក់គត់ ដែលបានលាលែងពីមុខតំណែង ក្នុងខែមេសា ឆ្នាំ១៩៦០។ អតីតប្រធានាធិបតី លោកស្រី Park Geun-hye ក៏បានបង្ហាញពីចេតនាចង់លាលែងពីតំណែង នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៦ ប៉ុន្តែមិនអាចធ្វើដូច្នេះបាន មុនពេលត្រូវបានចោទប្រកាន់ទម្លាក់តំណែង នៅខែធ្នូ នាឆ្នាំនោះ។
នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ YTN កាលថ្ងៃទី១៦ ខែកុម្ភៈ លោក Kim Sung-soo មកពីក្រុមហ៊ុនច្បាប់ Gang Nam បាននិយាយថា ប្រសិនបើលោក Yoon លាលែងពីតំណែងដោយស្ម័គ្រចិត្ត ការប្រកាសរបស់លោក នឹងបង្កើតបានជាជម្លោះមួយទៀត អំពីភាពស្របច្បាប់៕