រដ្ឋមន្ត្រីគណៈរដ្ឋមន្ត្រីអង់គ្លេសជាន់ខ្ពស់មួយរូប កាលពីថ្ងៃអាទិត្យ (ទី១៦ ខែកុម្ភៈ) បានប្រាប់ឲ្យដឹងថា សហរដ្ឋអាមេរិកចាត់ទុកទំនាក់ទំនងពាណិជ្ជកម្មជាមួយចក្រភពអង់គ្លេស «មានភាពខុសប្លែកជាងគេបន្តិច» ដោយសារតែមិនមានឱនភាពខ្ពស់ ប៉ុន្តែបញ្ហាលំបាក នៅតែមានដដែល ពាក់ព័ន្ធនឹងការដំឡើងពន្ធគយ។
ចាប់តាំងពីបានវិលទៅកាន់អំណាចវិញ លោកប្រធានាធិបតី Donald Trump បានបង្កឲ្យមានភាពតានតឹងជាបន្តបន្ទាប់ជាមួយរដ្ឋធានីរបស់សកលលោកជាច្រើន ដោយការគំរាមកំហែង ឬការដំឡើងពន្ធខ្ពស់លើទំនិញនាំចូលទៅកាន់សហរដ្ឋអាមេរិក ដែលជាផ្នែកនៃការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្មរបស់លោក។

រដ្ឋមន្ត្រីពាណិជ្ជកម្ម លោក Jonathan Reynolds បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ចក្រភពអង់គ្លេសមានទំនាក់ទំនងពាណិជ្ជកម្មប្រកបដោយតុល្យភាព ជាមួយសហរដ្ឋអាមេរិក ហើយលោកបានលើកឡើងពី «ការជួបគ្នាប្រកបដោយផ្លែផ្កា» នៅក្នុងកិច្ចប្រជុំរបស់លោកជាមួយរដ្ឋបាលរបស់លោក Trump ជុំវិញបញ្ហានេះ។
លោក Reynolds បានបញ្ជាក់ថា៖ «ពួកគេមើលឃើញយើងខុសពីប្រទេសដទៃបន្តិច។ តែវាមិនមានន័យថា នឹងមិនមានភាពស្មុគស្មាញ សម្រាប់ពួកយើងនោះទេ។ យើងមានរឿងពិបាកមួយចំនួន ដែលមិនអាចយល់ស្របគ្នា ប៉ុន្តែពួកគេទទួលស្គាល់ទំនាក់ទំនង គឺខុសគ្នាពីបណ្ដាប្រទេសផ្សេងទៀត»។
កាលពីសប្តាហ៍មុន លោក Reynolds បាននិយាយថា ចក្រភពអង់គ្លេសនឹងប្រឹងប្រែងបញ្ចុះបញ្ចូលរដ្ឋាភិបាលអាមេរិក ដោយផ្ដល់ហេតុផលថា ផលិតផលដែក និងអាលុយមីញ៉ូមរបស់ខ្លួន គួរតែរួចផុតពីការយកពន្ធ ដោយសារតែការដើរតួនាទីដ៏រសើប ក្នុងវិស័យការពារជាតិសហរដ្ឋអាមេរិក និងខ្សែច្រវាក់ផ្គត់ផ្គង់ផលិតកម្មរបស់ប្រទេសនេះ។
លោក Trump បាននិយាយកាលពីថ្ងៃអាទិត្យថា លោកនឹងណែនាំពន្ធថ្មីចំនួន ២៥ភាគរយ លើការនាំចូលដែកថែប និងអាលុយមីញ៉ូមទាំងអស់ទៅកាន់សហរដ្ឋអាមេរិក ដោយលើសពីពន្ធលោហៈដែលមានស្រាប់៕

