បាល់ទាត់៖ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងជើងឯក ៤ដងបានឡើងទៅវគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ២០២១ ពានថ្នាក់ជាតិក្រោយឈ្នះអង្គរថាយហ្គឺរ ៣ទល់នឹង០ នៅកីឡដ្ឋានខេត្តស្វាយរៀងថ្ងៃទី១៦ ខែវិច្ឆិកា។

លេងបានត្រឹមប្រាំនាទីតែប៉ុណ្ណោះ កីឡាករ សារ៉េត គ្រីយ៉ា ស៊ុតបញ្ចូលទីបានសម្រេចឱ្យម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀងនាំមុខ។ បីនាទីបន្ទាប់កីឡាករ អ៊ាន ពិសី អតីតយុវជនសាលាបាល់ទាត់ជាតិបាទីបន្ថែមគ្រាប់ទី២ ឱ្យព្រះខ័នរាជ មុនពេលកីឡាករ សួន សុវណ្ណ ស៊ុតបាល់ពិន័យ ១១ម៉ែត្របានសម្រេចនៅនាទីទី៨១ ឱ្យព្រះខ័នរាជឈ្នះអង្គរថាយហ្គឺរ ៣ទល់នឹង០។ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រថ្ងៃទី២២ ខែវិច្ឆិកាខាងមុខ ព្រះខ័នរាជស្វាយរៀងត្រូវប្រកួតជាមួយម្ចាស់ពានពីរដងភ្នំពេញក្រោន ដែលបានយកឈ្នះអគ្គិសនីកម្ពុជា ១ទល់នឹង០ ដោយគ្រាប់បាល់កីឡាករយុវជន សំអុល ទីណា នៅនាទីទី៧៤។ ចំនែកក្លិបណាហ្កាវើលម្ចាស់ពានម្តង និងជាក្រុមជើងឯករងពានច្រើនជាងគេបានធ្លាក់ចេញពីការប្រកួត ក្រោយបឹងកេតវាយបកតាមស្មើ និងឈ្នះដោយបាល់កាត់សេចក្តី ១១ម៉ែត្រនៅស្តាតចាស់។

ប្រកួតបានត្រឹម ៤នាទីកីឡាករដែលលេងពានសម្តេចគ្រប់ពេលតាំងពីឆ្នាំ២០០៧ គួច សុកុម្ភៈ តែតបញ្ចូលទីបានសម្រេចឱ្យម្ចាស់ផ្ទះណាហ្កានាំមុខ មុនអតីតកីឡាករព្រះខ័នរាជស្វាយរៀង នុប តុលា បន្ថែមគ្រាប់ទី២ ឱ្យក្រុមនៅនាទីទី៨៥។ អ្វីៗពិតជាប្រែប្រូលនៅសល់មិនដល់ពីរនាទីមុនចប់ការប្រកួត កីឡាករ ចាន់ វឌ្ឍនា បានស៊ុតបញ្ចូលទីពីរគ្រាប់ផ្ទួនៗឱ្យបឹងកេតតាមស្មើ ២ទល់នឹង២។ ទីបំផុតបឹងកេត គោចរទៅកាន់វគ្គ ៤ក្រុមចុងក្រោយបន្ទាប់ពីឈ្នះ ៨ទល់នឹង៧ ក្នុងវគ្គកាត់សេចក្តីស៊ុតបាល់ ១១ម៉ែត្រ។ វគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រសប្តាហ៍ក្រោយ បឹងកេតត្រូវប្រកួតជាមួយវិសាខាដែលបានយកឈ្នះអាស៊ីអឺរ៉ុប ៦ទល់នឹង០ ដោយគ្រាប់បាល់កីឡាករ កែវ សុខផេង ៣គ្រាប់តែឯង និង ៣គ្រាប់ទៀតធ្វើបានសម្រេចដោយ ទិត្យ ឌីណា, អ៊ិន សូដាវីត និងទៀត គឹមហេង។ តាមការគ្រោងទុក វគ្គផ្តាច់ព្រ័ត្របាល់ទាត់ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងធ្វើឡើងនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១៕
អត្ថបទ៖ គង់ ហួន