ទូរទស្សន៍រដ្ឋ KRT នៅថ្ងៃចន្ទ (ទី១៧ ខែកុម្ភៈ) នេះ បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានទៅគោរពវិញ្ញាណក្ខន្ធ នៅឯចេតិយតម្កល់ធាតុក្រុមគ្រួសារ ក្នុងទីក្រុងព្យុងយ៉ាង កាលពីថ្ងៃអាទិត្យ (ទី១៦ ខែកុម្ភៈ) ដើម្បីប្រារព្ធខួបកំណើតរបស់សពឪពុក និងជាអតីតមេដឹកនាំ គឺលោក គីម ជុងអ៊ីល (Kim Jong Il)។
ខួបកំណើតរបស់លោក គីម ជុងអ៊ីល ដែលត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ត្រូវបានប្រារព្ធយ៉ាងទូលំទូលាយជាថ្ងៃបុណ្យដ៏សំខាន់ នៅកូរ៉េខាងជើង ដែលហៅថា «Day of the Shining Star» (ថ្ងៃនៃពន្លឺផ្កាយភ្លឺព្រោងព្រាត)។ ប៉ុន្តែវាជាលើកដំបូង ក្នុងរយៈពេល ៤ឆ្នាំ ដែលលោក គីម ដ៏វ័យក្មេង បានធ្វើដំណើរទៅវិមានព្រះអាទិត្យ Kumsusan ដែលជាកន្លែងបញ្ចុះសពឪពុក និងជីតារបស់លោក ដើម្បីប្រារព្ធខួប។
ជាមួយគ្នានេះ ប្រព័ន្ធផ្សព្វផ្សាយ KRT ក៏បានបញ្ចេញវីដេអូរបស់លោក គីម ចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់ កាលពីថ្ងៃអាទិត្យ សម្រាប់ដំណាក់កាលចុងក្រោយនៃគម្រោងគ្រួសាររបស់លោក ដើម្បីសាងសង់ផ្ទះថ្មីចំនួន ៥០.០០០ខ្នង នៅក្នុងទីក្រុងព្យុងយ៉ាង។ គំនិតផ្តួចផ្តើមដ៏មានមហិច្ឆតានេះ ត្រូវបានចាប់ផ្តើមឡើង នៅឆ្នាំ២០២១ ដែលជាផ្នែកនៃផែនការរយៈពេល ៥ឆ្នាំរបស់លោក គីម ដើម្បីជួយជំរុញសេដ្ឋកិច្ច និងត្រូវបានបង្កើតឡើង ក្នុងគោលបំណងចែកចាយផ្ទះល្វែងថ្មីរៀងរាល់ឆ្នាំយ៉ាងហោចណាស់ ១០.០០០ខ្នង នៅទីក្រុងព្យុងយ៉ាង៕