សារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់ប្រភពថា មន្រ្តីអឺរ៉ុបកំពុងធ្វើការ ដើម្បីព្រមព្រៀងគ្នា លើកញ្ចប់ជំនួយយោធាដ៏ធំមួយថ្មី សម្រាប់ប្រទេសអ៊ុយក្រែន។
យោងតាមទីភ្នាក់ងារសារព័ត៌មាននេះ បានឲ្យដឹងថា សហភាពអឺរ៉ុប (EU) អាចនឹងប្រកាសកញ្ចប់ជំនួយយោធាថ្មី ដល់អាជ្ញាធរក្រុងគីវ បន្ទាប់ពីការបោះឆ្នោតសភានៅប្រទេសអាល្លឺម៉ង់ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី ២៣ ខែកុម្ភៈ។
កិច្ចប្រជុំកំពូលសហភាពអឺរ៉ុបជាបន្ទាន់ស្តីពីអ៊ុយក្រែន នឹងប្រព្រឹត្តទៅ នៅទីក្រុងប៉ារីស នៅថ្ងៃចន្ទនេះ ដោយមានការចូលរួមពីអគ្គលេខាធិការអង្គការណាតូ លោក Mark Rutte ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Antonio Costa និងប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen ក្នុងចំណោមអ្នកផ្សេងទៀត។ សហភាពអឺរ៉ុប បាននិយាយថា គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីចាប់ផ្តើមការពិគ្រោះយោបល់រវាងមេដឹកនាំអឺរ៉ុបស្តីពីស្ថានភាពនៅអ៊ុយក្រែន និងបញ្ហាសន្តិសុខ នៅអឺរ៉ុប។
នាពេលមុននេះ សារព័ត៌មាន Financial Times បានដកស្រង់ប្រភពដែលនិយាយថា អឺរ៉ុបបារម្ភថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (Donald Trump) នឹងមិនអញ្ជើញ EU ឲ្យចូលរួមកិច្ចពិភាក្សាអំពីអ៊ុយក្រែនទេ ប៉ុន្តែនឹងបង្ខំឲ្យបង់ប្រាក់សម្រាប់ការកសាងឡើងវិញ និងបញ្ជូនកងរក្សាសន្តិភាព។