មានប្រជាជនរុស្សីយ៉ាងហោចណាស់ចំនួន ១៥.០០០នាក់ បានទៅឈរនៅចំពោះមុខផ្នូររបស់លោក Alexei Navalny ក្នុងទីក្រុងមូស្គូ កាលពីថ្ងៃអាទិត្យ (ទី១៦ ខែកុម្ភៈ) ដោយការធ្វើបែបនេះអាចប្រឈមនឹងទង្វើសងសឹកណាមួយ ខណៈពួកគេអត់ទ្រាំជាមួយសីតុណ្ហភាពដ៏សែនត្រជាក់ ដើម្បីគោរពវិញ្ញាណក្ខន្ធមេដឹកនាំប្រឆាំង នៅថ្ងៃខួបលើកទី១ នៃការស្លាប់របស់លោក នៅក្នុងពន្ធនាគារ។
លោក Navalny ជាគូប្រជែងដ៏សំខាន់របស់ប្រធានាធិបតី លោក Vladimir Putin ដែលត្រូវបានប្រកាសថា ជា «ជនជ្រុលនិយម» ដោយប្រទេសរុស្ស៊ី បានទទួលមរណភាព កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅក្នុងមន្ទីរឃុំឃាំងលេខ៣ ដែលមានការការពារយ៉ាងតឹងរ៉ឹង ក្នុងទីក្រុង Kharp នៅតំបន់អាកទិក។

ទីភ្នាក់ងារសារព័ត៌មាន AFP បានឃើញមនុស្សរាប់រយនាក់បង្ហាញខ្លួនចំពោះមុខផ្នូររបស់លោក Navalny នៅឯទីបញ្ចុះសព Borisovsky ដោយបានដាក់ផ្កាគោរព និងបង្កើតជាជួរដ៏វែង នារសៀលថ្ងៃនោះ។
ប្រទេសរុស្ស៊ីមិនទាន់បានពន្យល់ឲ្យពេញលេញអំពីស្ថានភាពនៃការស្លាប់របស់លោក Navalny នៅឡើយទេ ដោយត្រឹមតែប្រាប់ថា លោកបានបាត់បង់ជីវិត ពេលដើរក្នុងទីធ្លារបស់ពន្ធនាគារ។
ម្តាយរបស់សព គឺលោកស្រី Lyudmila Navalnaya បានប្រាប់សារព័ត៌មាន AFP ថា លោកស្រី កំពុង «ធ្វើអ្វីគ្រប់យ៉ាង» ដើម្បីជំរុញឲ្យមានការស៊ើបអង្កេតមួយ ហើយសង្ឃឹមថា អ្នកដែលត្រូវទទួលខុសត្រូវ នឹងត្រូវបានផ្តន្ទាទោស៕

