ប្រធានាធិបតីបណ្តោះអាសន្នស៊ីរី Ahmed Al-Sharaa កាលពីថ្ងៃអាទិត្យ បានទៅធ្វើទស្សនកិច្ចនៅខេត្តLatakia និង Tartus ដោយបានធ្វើដំណើរជាផ្លូវការលើកដំបូង ទៅកាន់ខេត្តជាប់មាត់សមុទ្រ ដែលពីមុនត្រូវបានគេស្គាល់ថា ជាបន្ទាយរឹងមាំរបស់មេដឹកនាំ លោក បាសា អាល់អាសាដ ដែលត្រូវបានបណ្តេញ ចេញពីតំណែង។
ការិយាល័យប្រធានាធិបតីស៊ីរី បានឲ្យលើកឡើងនៅលើបណ្តាញ Telegram ថា លោក Sharaa បានជួបជាមួយ «ឥស្សរជន និងអ្នកមុខអ្នកការជាច្រើន» ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក។
ការិយាល័យនេះ បានចេញផ្សាយរូបភាពជាច្រើននៃជំនួបរបស់លោក Sharaa ជាមួយមនុស្សរាប់សិបនាក់ ដែលខ្លះជាឥស្សរជនសាសនា នៅក្នុងរាជធានីនៃខេត្តទាំងពីរនេះ។
កាលពីថ្ងៃអាទិត្យ បណ្តាញTelegram ផ្លូវការរបស់ខេត្ត Latakia បានផ្សព្វផ្សាយវីដេអូដែលបង្ហាញពីមនុស្សរាប់ពាន់នាក់ បានប្រមូលផ្តុំគ្នា នៅក្នុងទីក្រុងនេះ ដោយខ្លះថតរូប នៅពេលដែលក្បួនរថយន្តរបស់ លោក Sharaa ឆ្លងកាត់។
ក្រុមឥស្លាមនិយម Hayat Tahrir Al-Sham របស់លោក Sharaa បានដឹកនាំការវាយលុករបស់ក្រុម ឧទ្ទាម ដែលបានបណ្តេញលោក អាសាស ក្នុងខែធ្នូ ហើយលោកត្រូវបានតែងតាំងជាប្រធានាធិបតី បណ្តោះអាសន្ន កាលពីខែមុន។