អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei នៅថ្ងៃចន្ទ (ទី១៧ ខែកុម្ភៈ) នេះ បាននិយាយថា ប្រទេសរបស់លោក បានការពារកម្មវិធីនុយក្លេអែររបស់ខ្លួន ហើយនឹងមិនរារែកក្នុងការធ្វើដូច្នេះនោះឡើយ ដោយការលើកឡើងនេះ កើតមានឡើងមួយថ្ងៃបន្ទាប់ពីអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានប្តេជ្ញាទប់ទល់នឹងមហិច្ឆតានុយក្លេអ៊ែររបស់អ៊ីរ៉ង់។
លោក Baghaei បាននិយាយថា៖ «កម្មវិធីនុយក្លេអ៊ែរសន្តិភាពរបស់អ៊ីរ៉ង់ កំពុងដំណើរការទៅ ហើយមានរយៈពេល ៣ទសវត្សរ៍ចុងក្រោយនេះ ដោយផ្អែកលើសិទ្ធិរបស់អ៊ីរ៉ង់ ក្នុងនាមជាសមាជិកនៃសន្ធិសញ្ញា ស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ។ ហើយប្រាកដណាស់ថា យើងនឹងមិនបង្ហាញភាពទន់ខ្សោយណាមួយឡើយ ក្នុងរឿងនេះ»។
កាលពីថ្ងៃអាទិត្យ (ទី១៦ ខែកុម្ភៈ) បន្ទាប់ពីបានជួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio នៅទីក្រុងហ្សេរុយសាឡិម នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រាប់ថា អ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានប្តេជ្ញារារាំងមហិច្ឆតានុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងទប់ស្កាត់ឥទ្ធិពលរបស់ប្រទេសនេះ នៅតំបន់មជ្ឈិមបូព៌ា។
ចំណែកលោក Rubio បាននិយាយថា៖ «ប្រទេសអ៊ីរ៉ង់ គឺនៅពីក្រោយក្រុមភេរវករទាំងអស់ នៅពីក្រោយរាល់អំពើហិង្សានានា នៅពីក្រោយរាល់សកម្មភាពអស្ថិរភាពទាំងឡាយ និងនៅពីក្រោយអ្វីៗគ្រប់យ៉ាងដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាព សម្រាប់មនុស្សរាប់លាននាក់ ដែលហៅតំបន់ថា ជាផ្ទះ»៕