គណៈប្រតិភូរដ្ឋាភិបាលតាលីបង់ បានធ្វើទស្សនកិច្ច នៅប្រទេសជប៉ុន ជាលើកដំបូង នៅថ្ងៃចន្ទនេះ ដែលជាដំណើរទស្សនកិច្ចការទូតដ៏កម្រមួយ នៅក្រៅតំបន់។
គណៈប្រតិភូអាហ្វហ្គានីស្ថាន បានចាកចេញពីទីក្រុងកាប៊ុល កាលពីថ្ងៃសៅរ៍ នៅក្នុងដំណើរទស្សនកិច្ចដែលប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បាននិយាយថា នឹងមានរយៈពេល មួយសប្តាហ៍ ហើយរួមមានមន្ត្រីមកពីក្រសួងអប់រំ ការបរទេស និងក្រសួងសេដ្ឋកិច្ច។
លោក Latif Nazari អនុរដ្ឋមន្ត្រីនៃក្រសួងសេដ្ឋកិច្ច ដែលជាផ្នែកមួយនៃគណៈប្រតិភូ បានសរសេរនៅលើ Twitter កាលពីថ្ងៃសៅរ៍ថា៖«យើងស្វែងរកទំនាក់ទំនងប្រកបដោយសេចក្តីថ្លៃថ្នូរ ជាមួយពិភពលោក ដើម្បីប្រទេសអាហ្វហ្គានីស្ថានដ៏រឹងមាំ រួបរួម ជឿនលឿន វិបុលភាព អភិវឌ្ឍន៍ និងក្លាយជាសមាជិកសកម្មនៃសហគមន៍អន្តរជាតិ»។
រដ្ឋាភិបាលតាលីបង់ ធ្វើទស្សនកិច្ចជាទៀងទាត់ ទៅកាន់ប្រទេសជិតខាង និងក្នុងតំបន់ រួមទាំងនៅអាស៊ី កណ្តាល រុស្ស៊ី និងចិន។
ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលនេះ បានត្រឹមតែធ្វើទស្សនកិច្ចជាផ្លូវការនៅអឺរ៉ុប សម្រាប់កិច្ចប្រជុំកំពូលការទូត នៅប្រទេសន័រវែស ក្នុងឆ្នាំ ២០២២ និង ២០២៣។
ស្ថានទូតជប៉ុននៅទីក្រុងកាប៊ុល បានផ្លាស់ប្តូរទីតាំងជាបណ្តោះអាសន្ន ទៅកាន់ប្រទេសកាតា បន្ទាប់ពីការដួលរលំនៃរដ្ឋាភិបាលដែលគាំទ្រដោយបរទេសពីមុន និងក្រុមតាលីបង់បានវិលត្រឡប់គ្រប់គ្រងប្រទេសនេះ ឡើងវិញ ក្នុងឆ្នាំ ២០២១។