កងទ័ពម៉ិកស៊ិក បានប្រកាសឲ្យដឹងកាលពីថ្ងៃអាទិត្យថា ពួកគេរឹបអូសបានសារធាតុញៀនមេតំហ្វេតាមីនទម្ងន់ជាង ៤តោននៅរដ្ឋ Sinaloaដែលញាំញីដោយអំពើហិង្សាគ្រឿងញៀន ។
ក្រុមអាជ្ញាធរ និយាយថា ពួកគេរឹបអូសបានគ្រឿងញៀនទាំងនេះ នៅតាមទីកន្លែងជាច្រើនកន្លែងដូចជានៅក្នុងមន្ទីរពិសោធន៍ និងឃ្លាំងស្តុកទំនិញ ។
លើសពីនេះទៅទៀត អនុប្រធានប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកអគ្គេសេនាធិការ Hamlet Toledo បាននិយាយពីការរឹបអូសបានសារធាតុញៀនហ្វេតំហ្វេតាមីនទម្ងន់ ១.២៥០គ.ក អំឡុងប្រតិបត្តិការលើកមុនក្នុងមន្ទីរពិសោធន៍ផ្សេងគ្នា ។
លោក Toledo និយាយថា ពួកយើងរឹបអូសបានសារធាតុញៀនមេតំហ្វេតាមីនទម្ងន់ជាង ៤តោននៅតាមទីតាំង ៣កន្លែងដែលពួកយើងបានទៅ ហើយគ្រឿងញៀនទាំងនេះ ពួកយើងនឹងកម្ទេចវាចោលនៅការិយាល័យរដ្ឋអាជ្ញា ។ លោកថា ពួកយើងកំពុងធ្វើនីតិវិធីឆ្លើយតប វិភាគ និងពិនិត្យមើលសារធាតុគីមី ។
សូមបញ្ជាក់ថា សំពាធពីសហរដ្ឋអាមេរិកលើម៉ិកស៊ិក ដើម្បីទប់ស្កាត់ការជួញដូរគ្រឿង បានកើនឡើង ចាប់តាំងពីការចាប់ផ្តើមរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដែលបានគំរាមដំឡើងពន្ធ បើសិនជាស្ថានភាពពុំត្រូវបានគ្រប់គ្រងទេនោះ ៕