ស្របពេលមានកិច្ចខិតខំផ្នែកការទូត ដើម្បីចាប់ផ្តើមកិច្ចចរចាបទឈប់បាញ់ ទាហានអ៊ុយក្រែននៅតំបន់ Kharkiv បន្តការងារគ្រប់វិនាទីរបស់ពួកគេ ដើម្បីពង្រឹងការការពារប្រឆាំងរាល់លទ្ធភាពនៃការរុលចូលណាមួយរបស់ទាហានរុស្ស៊ី ។
ទាហានកងពលតូចលេខ ២១១ បានឈរជើងនៅទីតាំងមិនបញ្ចេញឈ្មោះនៅតំបន់ភាគខាងជើង Kharkiv ស្រាស់ដោយបន្លាលួសនៅតាមទីវាលគ្របដណ្តប់ដោយព្រិល ។
លោក Oleh Syniehubov គឺជាប្រធានរដ្ឋបាលយោធាតំបន់ Kharkiv និយាយថា តំបន់របស់លោកបានសាងសង់រួចទៅហើយនូវធ្មេញនាគ ប្រឡាយប្រឆាំងរថក្រោះ និងតំបន់កាន់កាប់ដ៏រឹងមាំចម្ងាយរាប់រយ គ.ម ប៉ុន្តែលោកធ្វើការសង្កត់ធ្ងន់ថា កិច្ចខិតខំការពារត្រូវតែបន្តស្របពេលមានកិច្ចខិតខំការទូតពុំច្បាស់លាស់ ។
ទីក្រុង Kharkiv ដែលជាទីក្រុងធំបំផុតទី ២របស់អ៊ុយក្រែន ស្ថិតនៅចម្ងាយ ៣០គ.មពីព្រំដែនរុស្ស៊ី ។
លោក Syniehubov បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា បើទោះបីជាមានកិច្ចប្រជុំសន្តិភាពក៏ដោយ សារៈសំខាន់យុទ្ធសាស្រ្តនៃការការពារដ៏ខ្លាំងក្លា គឺចាំបាច់ ។
គួរឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានធ្វើឲ្យសម្ព័ន្ធមិត្តអឺរ៉ុបនៅអង្គការណាតូ និងអ៊ុយក្រែនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលដែលលោកប្រកាសថា លោកមាននូវការជជែកគ្នាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដោយពុំបានពិគ្រោះយោបល់ជាមុនជាមួយពួកគេ ហើយនិងចាប់ផ្តើមដំណើរការសន្តិភាព ។
រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Marco Rubio និយាយកាលពីថ្ងៃអាទិត្យថា នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ នឹងកំណត់ពីវិធីដែលលោក Putin គិតគូខ្លាំងបែបណាលើសន្តិភាពអ៊ុយក្រែន ស្របពេលក្រុមមន្រ្តីសហរដ្ឋអាមេរិកធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត សម្រាប់ជំនួបជាមួយក្រុមមន្រ្តីរុស្ស៊ី ៕