ស៊ុយអែតមិនបានច្រានចោលការបញ្ជូនកងទ័ពទៅអ៊ុយក្រែនដែលជាផ្នែកនៃកងកម្លាំងរក្សាសន្តិភាព ក្រោយបញ្ចប់សង្គ្រាមនោះទេ។ នេះបើទូរទស្សន៍សាធារណៈរបស់ប្រទេសស៊ុយអែត ដែលបានរាយការណ៍ នៅថ្ងៃចន្ទ (ទី១៧ ខែកុម្ភៈ) នេះ ដោយដកស្រង់ការអត្ថាធិប្បាយរបស់រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសនេះ។
ការអត្ថាធិប្បាយរបស់រដ្ឋមន្ត្រីនេះ ធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានប្រាប់ថា លោកបានត្រៀមរួចជាស្រេច ក្នុងការបញ្ជូនកងទ័ពអង់គ្លេសទៅកាន់អ៊ុយក្រែន ដើម្បីបំពេញកាតព្វកិច្ចរក្សាសន្តិភាព ខណៈដែលលោកព្យាយាមបង្ហាញសហរដ្ឋអាមេរិកថា បណ្តាប្រទេសអឺរ៉ុប គួរតែមានតួនាទីក្នុងកិច្ចពិភាក្សា ស្តីពីការបញ្ចប់សង្គ្រាម។
រដ្ឋមន្ត្រីការបរទេសស៊ុយអែត លោកស្រី Maria Malmer Stenergard បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា៖ «ឥឡូវនេះ យើងត្រូវការការចរចាសន្តិភាពមួយ ប្រកបដោយយុត្តិធម៌ និងនិរន្តរភាពជាមុន ដែលគោរពច្បាប់អន្តរជាតិ និងគោរពអ៊ុយក្រែន ហើយជាដំបូង និងសំខាន់បំផុតនោះ គឺធានាឲ្យបានថា រុស្ស៊ីមិនអាចគ្រាន់តែដកទ័ពចេញ ដើម្បីទៅកសាងកម្លាំងថ្មី ហើយត្រលប់មកវាយប្រហារអ៊ុយក្រែន ឬប្រទេសមួយផ្សេងទៀត ក្នុងរយៈពេលត្រឹមតែប៉ុន្មានឆ្នាំនោះទេ»។
លោកស្រីបានបន្ថែមថា៖ «នៅពេលដែលយើងសម្រេចបានសន្តិភាពបែបនេះ យើងត្រូវតែធានាឲ្យបានថា សន្តិភាពនោះអាចត្រូវបានរក្សាបាន ហើយបន្ទាប់មករដ្ឋាភិបាលរបស់យើង នឹងបើកចំហគ្រប់ជម្រើសទាំងអស់»។
នៅថ្ងៃចន្ទនេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានទៅដល់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតហើយ មុនពេលមានកិច្ចពិភាក្សាដែលត្រូវរំពឹងទុកជាមួយមន្ត្រីរុស្ស៊ី ក្នុងគោលបំណងបញ្ចប់សង្រ្គាមជិត ៣ឆ្នាំរបស់ទីក្រុងមូស្គូ នៅអ៊ុយក្រែន៕