ប្រធានាធិបតីលីបង់ លោក Joseph Aoun នៅថ្ងៃចន្ទនេះ បានជំរុញអ្នកជួយឧបត្ថម្ភនៃកិច្ចព្រមព្រៀង បទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ជួយដាក់សម្ពាធអ៊ីស្រាអែល ឲ្យដកទ័ពចេញ តាមពេលកំណត់ នៅថ្ងៃបន្ទាប់។
លោក Aoun បាននិយាយថា៖«យើងកំពុងបន្តទំនាក់ទំនងលើកម្រិតជាច្រើន ដើម្បីជំរុញឲ្យអ៊ីស្រាអែលគោរពកិច្ចព្រមព្រៀង និងដកកងទ័ពរបស់ខ្លួនចេញ តាមកាលបរិច្ឆេទដែលបានកំណត់ ហើយប្រគល់អ្នកទោសត្រឡប់មកវិញ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតី។
លោកបានបន្ថែមថា៖«ក្រុមអ្នកគាំទ្រនៃកិច្ចព្រមព្រៀង គួរតែទទួលខុសត្រូវរបស់ពួកគេ ក្នុងការជួយដល់ពួកយើង» ។
បទឈប់បាញ់ដ៏ផុយស្រួយរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់ បានចូលជាធរមាន ចាប់តាំងពីថ្ងៃទី ២៧ ខែវិច្ឆិកា បន្ទាប់ពីអរិភាពជាងមួយឆ្នាំ រួមទាំងសង្រ្គាមពេញបន្ទុកពីរខែ ក្នុងអំឡុងពេលដែលអ៊ីស្រាអែលចាប់ផ្តើមប្រតិបត្តិការជើងគោក។
ក្រោមកិច្ចព្រមព្រៀងនេះ យោធារបស់ប្រទេសលីបង់ ត្រូវដាក់ពង្រាយនៅភាគខាងត្បូង ជាមួយនឹងកងរក្សាសន្តិភាពអង្គការសហប្រជាជាតិ ខណៈដែលកងទ័ពអ៊ីស្រាអែល បានដកខ្លួនចេញ ក្នុងរយៈពេល ៦០ថ្ងៃ ដែលក្រោយមកត្រូវបានបន្ត ដល់ថ្ងៃទី ១៨ ខែកុម្ភៈ។