ទីភ្នាក់ងារព័ត៌មាន TASS របស់រុស្ស៊ី នៅថ្ងៃចន្ទ (ទី១៧ ខែកុម្ភៈ) នេះ បានរាយការណ៍ថា តុលាការរុស្ស៊ីបានពិន័យក្រុមហ៊ុនបច្ចេកវិទ្យា Google របស់ក្រុមហ៊ុន Alphabet នូវទឹកប្រាក់ចំនួន ៣,៨លានរូប្លិ៍ (៤១.៥៣០ដុល្លារ) ពាក់ព័ន្ធនឹងការបង្ហោះមាតិកា នៅលើបណ្ដាញសង្គម YouTube ដែលរួមមានវីដេអូណែនាំទាហានរុស្ស៊ី អំពីវិធីចុះចាញ់។
អស់រយៈពេលជាច្រើនឆ្នាំមកហើយ រុស្ស៊ីបានបញ្ជាឲ្យកម្មវិធីរបស់ក្រុមហ៊ុនបច្ចេកវិទ្យាបរទេសលុបចោលខ្លឹមសារដែលខ្លួនយល់ថា ខុសច្បាប់ ដូចជាអ្វីដែលហៅថា «រឿងរ៉ាវមិនពិត» អំពីសង្គ្រាម នៅអ៊ុយក្រែនជាដើម ដោយផាកពិន័យតិចតួច ប៉ុន្តែអនុវត្តយ៉ាងជាប់លាប់ នៅពេលដែលខ្លួនមើលឃើញថា ក្រុមហ៊ុនទាំងនោះមិនគោរពតាម។ Google មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើការអត្ថាធិប្បាយ តាមរយៈអ៊ីម៉ែល។
បណ្ដាអ្នករិះគន់បានចោទប្រកាន់អាជ្ញាធររុស្ស៊ីថា មានចេតនារំខានដល់ល្បឿននៃការទាញយក (ដោនឡូត) របស់ YouTube ដើម្បីកុំឲ្យប្រជាជនរុស្ស៊ីមើលមាតិកា នៅលើបណ្ដាញសង្គមមួយនេះ ដែលមានការរិះគន់លើលោកប្រធានាធិបតី Vladimir Putin និងរដ្ឋាភិបាលរបស់លោក។
តែរុស្សីបានបដិសេធថា បញ្ហានេះ គឺបណ្តាលមកពីក្រុមហ៊ុន Google ខ្លួនឯង ដែលមិនអាចធ្វើឲ្យប្រសើរឡើងនូវឧបករណ៍របស់ខ្លួន ជាការចោទប្រកាន់ដែលត្រូវបានជំទាស់ដោយក្រុមហ៊ុន និងអ្នកជំនាញបច្ចេកវិទ្យា៕