ប្រទេសអ៊ីរ៉ង់ នៅថ្ងៃចន្ទ (ទី១៧ ខែកុម្ភៈ) នេះ បានថ្កោលទោស ចំពោះការអំពាវនាវរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ដែលឲ្យ «បញ្ចប់ការងារ» ប្រឆាំងនឹងសាធារណរដ្ឋឥស្លាម ដោយលោកឡើងថា នេះគឺជាការរំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិ។
អមដោយការបន្ថែមថា អ៊ីស្រាអែល «មិនអាចធ្វើអ្វីមួយ» ប្រឆាំងនឹងអ៊ីរ៉ង់បានទេ អ្នកនាំពាក្យក្រសួងការបរទេស លោក Esmaeil Baqaei បានប្រាប់អ្នកសារព័ត៌មានថា៖ «ការគំរាមកំហែងដល់ប្រទេសដទៃ គឺជាការបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ»។
គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ (ទី១៦ ខែកុម្ភៈ) អំឡុងពេលមានទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio លោក Netanyahu បានប្រាប់សន្និសីទសារព័ត៌មាន នៅទីក្រុង Jerusalem ថា អ៊ីស្រាអែល នឹង «បញ្ចប់ការងារ» ពោលគឺដាក់ចេញនូវវិធានការនានា ប្រឆាំងនឹងអ៊ីរ៉ង់ ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តធំជាងគេរបស់ខ្លួន។
លោក Netanyahu ក៏បាននិយាយផងដែរថា អ៊ីស្រាអែល បាន «ផ្ដល់ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ក្រុមអាក់ស៊ីសភេរវកម្មរបស់អ៊ីរ៉ង់» ក្នុងអំឡុងរយៈពេល ១៦ខែកន្លងមកនេះ។
ក្នុងអំឡុងពេលនោះ អ៊ីស្រាអែលបានពាក់ព័ន្ធនឹងជម្លោះជាមួយក្រុមដែលគាំទ្រដោយអ៊ីរ៉ង់ ដែលរួមទាំងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា ក្រុមហេសបូឡារបស់លីបង់ និងក្រុមឧទ្ទាមហ៊ួទីរបស់យេម៉ែន៕