នៅថ្ងៃចន្ទនេះ ក្រុមបាតុករអ៊ីស្រាអែល នាំគ្នាបិទផ្លូវដ៏មមាញឹកនៅក្នុងទីក្រុងតែល អាវីវ ដើម្បីទាមទារឲ្យមានការវិលត្រឡប់មកវិញចំណាប់ថ្នូរទាំងអស់ ដែលបានចំណាយពេល ៥០០ថ្ងៃ ស្ថិតក្នុងការជាប់ឃុំឃាំង ។
ពលរដ្ឋអ៊ីស្រាអែល នាំគ្នាដង្ហែរក្បួននៅទូទាំងប្រទេស ដើម្បីរំឭកខួបរយៈពេល ៥០០ថ្ងៃ ចាប់តាំងពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ដោយពួកគេមួយចំនួន នាំគ្នាស្រែកតវ៉ា និងចូលរួមការបង្អត់អាហាររយៈពេល ៥០០នាទី ដើម្បីបង្ហាញសាមគ្គីភាពជាមួយចំណាប់ថ្នូរ ។
មាននូវការព្រួយបារម្ភកើនឡើងថា កិច្ចព្រមព្រៀងបទឈប់បាញ់អាចនឹងបរាជ័យ មុនពេលបញ្ចប់ដំណាក់កាលដំបូងរយៈពេល ៤២ថ្ងៃនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលបានចូលជាធរមានកាលពីថ្ងៃទី ១៩ ខែមករា ធ្វើឲ្យគ្រួសារចំណាប់ថ្នូរមួយចំនួន ព្រួយបារម្ភដល់ការវិលត្រឡប់មកវិញមនុស្សជាទីស្រលាញ់របស់ពួកគេ ។
ចំណាប់ថ្នូរអ៊ីស្រាអែល ១៩នាក់ និងចំណាប់ថ្នូរថៃ ៥នាក់ ត្រូវបានដោះលែងមកទល់នឹងពេលនេះ ក្នុងនោះចំណាប់ថ្នូរ ៧៣នាក់ទៀត ស្ថិតនៅក្នុងការជាប់ឃុំឃាំង ហើយប្រហែលជាពាក់កណ្តាលនៃពួកគេ ត្រូវបានអាជ្ញាធរអ៊ីស្រាអែលប្រកាសថាស្លាប់ដោយកំបាំងមុខ ។
ដំណាក់កាលទី ២នៃបទឈប់បាញ់ មានន័យថាត្រូវបង្ហាញក្នុងកិច្ចចរចា ដើម្បីប្រគល់ត្រឡប់មកវិញនូវចំណាប់ថ្នូរនៅរស់សេសសល់ទាំងអស់ ។
គណៈរដ្ឋមន្រ្តីសន្តិសុខអ៊ីស្រាអែល ត្រូវបានគេរំពឹងថានឹងកោះប្រជុំនៅថ្ងៃចន្ទនេះ ដើម្បីពិភាក្សាលើតំណាក់កាលទី ២នៃកិច្ចព្រមព្រៀងបទឈប់បាញ់ហ្កាហ្សា ៕