ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា អញ្ជើញដឹកនាំបន្តសម័យប្រជុំលើកទី៣ ដើម្បីពិភាក្សា និងអនុម័តលើច្បាប់ប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
ក្នុងការបន្តសម័យលើកទី៣នេះ ក៏មានវត្តមានចូលរួមពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងសមាជិក-សមាជិការសរុបចំនួន ១១០រូប។
គោលបំណងនៃការបង្កើតច្បាប់ស្តីពី ការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យនេះ ដោយផ្អែកទៅលើទិដ្ឋភាពរួមផ្នែកប្រវត្ដិសាស្ដ្រ និងឧក្រិដ្ឋកម្មក្នុងសម័យខ្មែរក្រហម រួមមាន ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការរំលោភបំពានធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណេវឆ្នាំ១៩៤៩ ដែលជាការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់ព្រហ្មទណ្ឌកម្ពុជា ការរំលោភទៅលើច្បាប់មនុស្សធម៌អន្ដរជាតិ ព្រមទាំងការរំលោភលើអនុសញ្ញាអន្ដរជាតិដែលកម្ពុជាទទួលស្គាល់។
ក្នុងមាត្រា និងជំពូកនៃច្បាប់នោះ បញ្ជាក់ថា ការមិនទទួលស្គាល់ ឬបដិសេធវត្តមាននៃឧក្រិដ្ឋកម្មក្នុងសម័យខ្មែរក្រហម មិនមែនជាការអនុវត្ដនូវសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនោះទេ ប៉ុន្ដែផ្ទុយទៅវិញ ជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់វិញ្ញាណក្ខន្ធអ្នកដែលបានពលី និងបាត់បង់ជីវិត នៅក្នុងសម័យដ៏ខ្មៅងងឹត និងជាការឈឺចាប់របស់ជនរងគ្រោះដែលបានរស់រានមានជីវិតរហូតមកដល់សព្វថ្ងៃ។
លើសពីនេះ ជនណាដែលមិនទទួលស្គាល់ឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហម គឺស្មើនឹងមិនផ្តល់តម្លៃចំពោះថ្ងៃរំដោះ៧មករា១៩៧៩ ក៏ដូចជាល្មើសគុណចំពោះពលិកម្មរបស់អ្នកបង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិ។
ក្រៅពីនោះ ការបង្កើត «ច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ” គឺបន្ទាប់ពីក្រុមអ្នកនយោបាយ លើកឡើងថា គុកទួលស្លែង ឬមន្ទីរសន្តិសុខ-ស ២១ ដែលបានសម្លាប់មនុស្សប្រមាណ ២០,០០០នាក់ថា ជាគុកសិប្បនិមិ្មត៕




