បាល់ទាត់៖ ក្រុមសាមូរ៉ៃជប៉ុនបានបោះជំហ៊ានឡើងមកដល់លេខ ២ ក្នុងពូល B ហើយក្រោយយកឈ្នះនៅទឹកដីអូម៉ង់ ១-០ និងស្របពេលដែលអូស្ត្រាលីបានត្រឹមស្មើគ្នាជាមួយចិន។ ជប៉ុនដែលចាប់ផ្តើម ៣ប្រកួតដំបូងចាញ់ ២ប្រកួតនោះបានយកឈ្នះ ៣ប្រកួតចុងក្រោយបូករួមទាំងជ័យជំនះយប់មិញ ១-០ ដែលសំរេចគ្រាប់បាល់ជ័យជំនះដោយកីឡាកររបស់ក្លិបប៊ែលហ្ស៊ិក Genk, Junya Ito នៅនាទីទី៨១។

ជ័យជំនះនេះធ្វើឱ្យជប៉ុនឡើងមកលេខ ២ ក្នុងពូល B នេះមាន ១២ពិន្ទុទំលាក់អូស្ត្រាលីទៅលេខ ៣ វិញ។ អូស្ត្រាលីយប់មិញមិនអាចរក្សាបីពិន្ទុរបស់ខ្លួនបានឡើយ បើទោះជានាំមុខមុននៅនាទីទី៣៨ ដោយ Mitchell Thomas Duke តែគ្រាប់បីពិន្ទុនេះក៏ត្រូវលប់ចោលវិញដោយខ្សែប្រយុទ្ធ Espanyol, Wu Lei នៅនាទីទី៧១។ ១ពិន្ទុនេះធ្វើឱ្យអូស្ត្រាលីធ្លាក់មកលេខ ៣ វិញមាន ១១ពិន្ទុខណៈចិនឈរលេខ ៥ មាន ៥ពិន្ទុ។

ចំណែកឯមួយប្រកួតទៀតវៀតណាមនៅតែមិនអាចរកពិន្ទុបាននៅឡើយ ក្រោយចាញ់ក្រុមភ្ញៀវអារ៉ាប៊ីសាអ៊ូឌីត ១-០ នៅកីឡដ្ឋាន My Dinh ទីក្រុងហាណូយ។ គ្រាប់ជ័យជំនះរបស់អារ៉ាប៊ីសាអ៊ូឌីតសំរេចបាននៅនាទីទី៣១ ដោយខ្សែប្រយុទ្ធ Al-Hilal, Saleh Al-Sheri។ ជ័យជំនះនេះធ្វើឱ្យអារ៉ាប៊ីសាអ៊ូឌីតបន្តនាំមុខគេក្នុងពូល B នេះដដែលមាន ១៦ពិន្ទុក្រោយលេង ៦ ប្រកួតឈ្នះ ៥ ស្មើ ១៕
អត្ថបទ៖នាង សុភាវុធ