ភ្នំពេញ៖ សមាជិក-សមាជិកានៃរដ្ឋសភាទាំងអស់បានអនុម័តជាឯកច្ឆន្ទលើសេចក្តីព្រាងច្បាប់ប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
ការអនុម័តជាឯកច្ឆន្ទនេះធ្វើឡើងក្រោមអធិបតីភាពរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា អញ្ជើញដឹកនាំបន្តសម័យប្រជុំលើកទី៣ ដើម្បីពិភាក្សា និងអនុម័តលើច្បាប់ប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មក្នុងរបបកម្ពុជាប្រជាធិបតេយ្យ នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា។
ការអនុម័តលើសេចក្តីព្រាងច្បាប់នេះ មានសំឡេងគាំទ្រពីសមាជិក-សមាជិការនៃរដ្ឋសភាសរុប ១១៥សំឡេង។
គោលបំណងនៃការបង្កើតច្បាប់ស្តីពី ការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យនេះ ដោយផ្អែកទៅលើទិដ្ឋភាពរួមផ្នែកប្រវត្ដិសាស្ដ្រ និងឧក្រិដ្ឋកម្មក្នុងសម័យខ្មែរក្រហម រួមមាន ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការរំលោភបំពានធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណេវឆ្នាំ១៩៤៩ ដែលជាការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់ព្រហ្មទណ្ឌកម្ពុជា ការរំលោភទៅលើច្បាប់មនុស្សធម៌អន្ដរជាតិ ព្រមទាំងការរំលោភលើអនុសញ្ញាអន្ដរជាតិដែលកម្ពុជាទទួលស្គាល់។
ក្នុងសេចក្តីព្រាងច្បាប់នេះមាន៧មាត្រា ដោយបានចែងថា ការមិនទទួលស្គាល់ ឬបដិសេធវត្តមាននៃឧក្រិដ្ឋកម្មក្នុងសម័យខ្មែរក្រហម មិនមែនជាការអនុវត្ដនូវសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនោះទេ ប៉ុន្ដែផ្ទុយទៅវិញ ជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់វិញ្ញាណក្ខន្ធអ្នកដែលបានពលី និងបាត់បង់ជីវិត នៅក្នុងសម័យដ៏ខ្មៅងងឹត និងជាការឈឺចាប់របស់ជនរងគ្រោះដែលបានរស់រានមានជីវិតរហូតមកដល់សព្វថ្ងៃ។
ការបង្កើត «ច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ” គឺបន្ទាប់ពីក្រុមអ្នកនយោបាយ លើកឡើងថា គុកទួលស្លែងឬមន្ទីរសន្តិសុខ-ស ២១ ដែលបានសម្លាប់មនុស្សប្រមាណ ២ម៉ឺននាក់ ថាជាគុកសិប្បនិមិ្មត៕