លោក Keith Kellogg បេសកជនទទួលបន្ទុកបញ្ហាអ៊ុយក្រែនរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយកាលពីថ្ងៃចន្ទសប្ដាហ៍នេះថា គ្មាននរណាម្នាក់នឹងគូសវៀស ឬ កំណត់កិច្ចព្រមព្រៀងសន្តិភាពលើទីក្រុង Kyiv ទេ ហើយសំណួរថាតើទីក្រុងវ៉ាស៊ីនតោននឹងផ្តល់ការធានាសម្រាប់កងកម្លាំងរក្សាសន្តិភាពអឺរ៉ុបនាពេលអនាគតណាមួយឬអត់ នឹងត្រូវបានដោះស្រាយនៅពេលក្រោយ។
មន្ត្រីជាន់ខ្ពស់អាមេរិក រួមទាំងរដ្ឋមន្ត្រីការបរទេសលោក Marco Rubio ប៉ុន្តែមិនមែន Kellogg នឹងត្រូវជួបនៅថ្ងៃអង្គារ ជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov សម្រាប់កិច្ចពិភាក្សាផ្តោតលើការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន និងស្តីពីទំនាក់ទំនងរវាងរុស្ស៊ី-អាមេរិក។
លោក Kellogg ដែលបាននិយាយថា លោកនឹងទៅជួបប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy ក្នុងទីក្រុង Kyiv ក្នុងសប្តាហ៍នេះ បានប្រាប់អ្នកសារព័ត៌មាននៅឯទីស្នាក់ការកណ្តាលរបស់អង្គការ NATO ក្នុងទីក្រុងប្រ៊ុចសែល ថាគ្មាននរណាម្នាក់នឹងកំណត់កិច្ចព្រមព្រៀងលើមេដឹកនាំជាប់ឆ្នោតនៃប្រទេសអធិបតេយ្យមួយនោះទេ។
លោកក៏បានរំលឹកឡើងវិញផងដែរថា លោកកំពុងនិយាយជាមួយសម្ព័ន្ធមិត្តអឺរ៉ុប ដែលបានជំរុញឱ្យមានការរួមបញ្ចូលនៅក្នុងការចរចា ប៉ុន្តែថាតាមទស្សនៈរបស់លោក វាមិនអាចទៅរួចទេក្នុងការឱ្យមនុស្សគ្រប់គ្នាអង្គុយនៅតុចរចានោះ។
ក្រុងវ៉ាស៊ីនតោន បានផ្ញើកម្រងសំណួរទៅកាន់មេដឹកនាំនានារបស់អឺរ៉ុបដើម្បីសួរថាតើពួកគេអាចរួមចំណែកអ្វីខ្លះដល់ការធានាសន្តិសុខសម្រាប់ទីក្រុង Kyiv ដោយបន្ថែមភាពបន្ទាន់ដល់ការពិភាក្សាក្នុងចំណោមសម្ព័ន្ធមិត្តអឺរ៉ុបអំពីរបៀបឆ្លើយតបទៅនឹងការផ្លាស់ប្តូរគោលនយោបាយរបស់សហរដ្ឋអាមេរិក៕