ការដំឡើងពន្ធថ្មីៗរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump លើការនាំចូលដែកថែប និងអាលុយមីញ៉ូម បូករួមជាមួយនឹងអនុស្សរណៈតាមដានពន្ធរបស់លោក ដើម្បីដាក់ "ពន្ធបដិការ" ឬហៅថា ពន្ធតម្រូវឱ្យត្រូវគ្នាទៅមកលើដៃគូពាណិជ្ជកម្មទាំងអស់ បានបង្កឱ្យមានការថ្កោលទោសយ៉ាងទូលំទូលាយនៅទូទាំងពិភពលោក ហើយអាចឈានដល់សង្គ្រាមពាណិជ្ជកម្មដ៏រីករាលដាល នេះបើតាមការលើកឡើងរបស់អ្នកជំនាញជាច្រើន។
លោក Choorikkadan Veeramani សាស្ត្រាចារ្យ និងជានាយកមជ្ឈមណ្ឌលសម្រាប់ការសិក្សាអភិវឌ្ឍមួយនៅឥណ្ឌា បានឱ្យដឹងថា ផ្ទុយទៅនឹងការអះអាងរបស់លោក Trump ដែលថាប្រទេសបរទេសនឹងជាអ្នកទទួលបន្ទុកចំណាយ ផលជះនៃការដំឡើងពន្ធដ៏ធំនេះនឹងធ្លាក់ទៅលើពលរដ្ឋអាមេរិក។
បន្ថែមពីលើការរុញតម្លៃកាន់តែខ្ពស់ដល់អតិថិជនអាមេរិក ពន្ធថ្មីៗនេះមិនជំរុញការនាំចេញរបស់អាមេរិក ដូចលោក Trump និងអ្នកគាំទ្ររបស់លោកបានសង្ឃឹមទុកនោះទេ ប៉ុន្តែត្រូវបានរំពឹងថានឹងមានឥទ្ធិពលផ្ទុយស្រឡះ។ ផលប៉ះពាល់អវិជ្ជមាននៃពន្ធទាំងនេះមិនត្រឹមតែមានលើអាមេរិកទេ ខណៈប្រទេសឆ្ងាយៗជាច្រើន ដូចជាវៀតណាមជាដើម បានចាប់ផ្តើមមានអារម្មណ៍ដឹងពីផលប៉ះពាល់។
ក្រៅពីអាលុយមីញ៉ូម និងដែកថែប ការអនុវត្តយ៉ាងទូលំទូលាយនៃ "ពន្ធបដិការ" ក៏បង្កក្តីបារម្ភនៅវៀតណាមផងដែរ។ ឥទ្ធិពលអវិជ្ជមាននៃគោលនយោបាយពន្ធដារ ដែលត្រូវបានថ្កោលទោសយ៉ាងទូលំទូលាយរបស់លោក Trump នេះ អាចធ្ងន់ធ្ងរជាពិសេសសម្រាប់ប្រទេសតូចៗដូចជាវៀតណាម ដែលពឹងផ្អែកខ្លាំងលើការនាំចូល ដោយនាំឱ្យតម្លៃទំនិញកើនឡើងខ្ពស់សម្រាប់អ្នកប្រើប្រាស់៕