អគ្គនាយកអង្គការសុខភាពពិភពលោក(WHO) លោក Tedros Adhanom Ghebreyesus និយាយថា សហរដ្ឋអាមេរិក នឹងដកខ្លួនចេញពីដំណើរការអន្តររដ្ឋាភិបាលនៃការចរចាកិច្ចព្រមព្រៀងជំងឺរាតត្បាត។ នៅក្នុងការចរចាដែលបានចាប់ផ្តើមនៅឆ្នាំ២០២២ រដ្ឋជាសមាជិករបស់អង្គការសុខភាពពិភពលោក មានគោលបំណងឈានដល់កិច្ចព្រមព្រៀងស្តីពីការការពារជំងឺរាតត្បាត ការត្រៀមទប់ទល់ និងការឆ្លើយតបដោយផ្អែកលើបទពិសោធន៍ដែលបានដឹងពីជំងឺរាតត្បាត កូវីដ-១៩។
ក្រុមអ្នកចរចា សង្ឃឹមថានឹងអនុម័តកិច្ចព្រមព្រៀងនៅក្នុងសន្និបាតប្រចាំឆ្នាំរបស់អង្គការសុខភាពពិភពលោក ក្នុងខែឧសភា។ នៅក្នុងជុំចុងក្រោយនៃកិច្ចពិភាក្សាអន្តររដ្ឋាភិបាល ដែលបានចាប់ផ្តើមនៅទីក្រុងហ្សឺណែវ ប្រទេសស្វីសកាលពីថ្ងៃចន្ទ លោក Tedros បាននិយាយថា អង្គការសុខភាពពិភពលោក(WHO) បានទទួលការជូនដំណឹងពីរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump កាលពីសប្តាហ៍មុន ទាក់ទងនឹងការសម្រេចចិត្តក្នុងការដកសហរដ្ឋអាមេរិក ចេញពីក្របខ័ណ្ឌចរចា។
លោក Tedros បាននិយាយថា «យើងសោកស្តាយចំពោះការសម្រេចចិត្តនេះ»។ ប៉ុន្តែលោកបាននិយាយថា រដ្ឋជាសមាជិក «បានរកឃើញកិច្ចព្រមព្រៀងលើបញ្ហាជាច្រើន។ កតិកាសញ្ញាដែលត្រូវបានស្នើឡើងនេះ អំពាវនាវឱ្យមានការធ្វើឲ្យប្រសើរឡើងនូវការផ្ទេរបច្ចេកវិទ្យាទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍ ព្រមទាំងការចែករំលែកព័ត៌មានអំពីវីរុសដ៏មានសក្តានុពលនៃជំងឺរាតត្បាត។
គណៈប្រតិភូប្រទេសអាហ្រ្វិកខាងត្បូង ដែលជាសហប្រធាននៃកិច្ចពិភាក្សា បាននិយាយថា ប្រទេសនានា ត្រូវតែមានចំណាត់ការពួតដៃគ្នា ព្រោះគ្មានព្រំដែននោះទេនៅពេលនិយាយអំពីជំងឺរាតត្បាត។