ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាឱ្យការិយាល័យបុគ្គលិកសួនាំមន្រ្តីនគរបាលចរាចរណ៍គោលដៅខណ្ឌសែនសុខ និងអញ្ជើញលោក បណ្ឌិតសុខ ទូច ដើម្បីចូលដោះស្រាយ។ នេះបើយោងតាមការបញ្ជាក់របស់ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅលើបណ្ដាញសង្គមហ្វេសប៊ុកនៅរសៀលថ្ងៃទី១៨ ខែកុម្ភៈនេះ។
អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា តាមបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចំពោះករណីដែលសមត្ថកិច្ចចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹងនៅខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលមានបញ្ហានៅគោលដៅអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ជាមួយលោកបណ្ឌិត សុខ ទូច ដោយឯកឧត្តមស្នងការបានឲ្យការិយាល័យបុគ្គលិក អញ្ជើញមន្រ្តីនគរបាលចុះអនុវត្តច្បាប់ចរាចរណ៍គោលដៅខណ្ឌសែនសុខ មកសួរនាំនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ចំណែកលោកស្នងការរងផែនការងារនគរបាលចរាចរណ៍ និងលោកស្នងការរងទទួលដឹកនាំពង្រឹង ការងារអធិការដ្ឋាននគរបាលខណ្ឌសែនសុខ អញ្ជើញលោក បណ្ឌិតសុខ ទូច ដើម្បីចូលដោះស្រាយបញ្ហាដែលមានការបង្ហោះផ្សព្វផ្សាយតាមបណ្តាញសង្គមដោយចោទប្រកាន់មកលើសមត្ថកិច្ចថា បានប្រើពាក្យមិនសមរម្យចំពោះគាត់៕
