ភ្នំពេញ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ចំនួន ២លានដូសបន្ថែមទៀត ដែលជាជំនួយរបស់ប្រទេសចិនមកឱ្យរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានដឹកជញ្ជូនមកដល់ប្រទេសកម្ពុជាហើយនៅព្រឹកថ្ងៃនេះ។
វ៉ាក់សាំងចំនួន ២លានដូសនេះ ត្រូវបានប្រគល់ជូនមកកម្ពុជានៅព្រឹកថ្ងៃនេះផងដែរ ដោយសម្ដេចតេជោ ហ៊ុន សែន បានទៅទទួលវ៉ាក់សាំងនេះដោយផ្ទាល់នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ប្រទេសចិនបានចាប់ផ្ដើមផ្ដល់វ៉ាក់សាំងរបស់ខ្លួនមកកម្ពុជាកាលពីថ្ងៃទី១០ ខែកុម្ភៈកន្លងមកនេះ ហើយក៏បានក្លាយជាប្រទេសផ្ដល់ជំនួយវ៉ាក់សាំងច្រើនបំផុតមកកម្ពុជាផងដែរ។
គិតត្រឹមថ្ងៃនេះ កម្ពុជាបានផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដល់ប្រជាជនរបស់ខ្លួនរហូតដល់ជាង ១៤លាននាក់ហើយ ឬប្រហែល ៨៨ភាគរយនៃចំនួនពលរដ្ឋសរុបខ្ទង់ ១៦លាននាក់។
សន្ទុះនៃការចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋខ្លួនបែបនេះ នាំឱ្យកម្ពុជាត្រូវបានចាត់ទុកជាប្រទេសឈានមុខគេមួយនៅលើពិភពលោក ដែលបានសម្រេចការចាក់វ៉ាក់សាំងដល់ប្រជាជនខ្លួនមានអត្រាគ្របដណ្ដប់ខ្ពស់៕