ក្រុមហាម៉ាស បានបង្ហាញពីឆន្ទៈក្នុងការបញ្ឈប់ការគ្រប់គ្រងតំបន់ហ្កាហ្សា បន្ទាប់ពីសង្គ្រាមជាមួយអ៊ីស្រាអែល ដែលជាគោលគំនិតសម្រាប់កិច្ចខិតខំប្រឹងប្រែងដឹកនាំដោយសហរដ្ឋអាមេរិក ក្នុងការបន្តបទឈប់បាញ់ដំបូង និងយល់ព្រមលើលក្ខខណ្ឌសម្រាប់ការបញ្ចប់អរិភាពជាអចិន្ត្រៃយ៍។
អ្នកនាំពាក្យក្រុមហាម៉ាស លោក Hazem Qasim បានប្រាប់ទូរទស្សន៍ Al Arabiya TV ថា "ក្រុមហាម៉ាស មិនចាំបាច់ត្រូវតែជាផ្នែកនៃការរៀបចំនយោបាយ និងរដ្ឋបាលនៅក្នុងដំណាក់កាលបន្ទាប់សម្រាប់តំបន់ហ្កាហ្សាទេ ជាពិសេសប្រសិនបើរឿងនោះបម្រើផលប្រយោជន៍ដល់ប្រជាជនប៉ាឡេស្ទីន"។

សម្បទាននេះនឹងបំពេញតាមការទាមទារមួយរបស់អ៊ីស្រាអែលពីក្រុមហាម៉ាស ដែលនឹងអនុញ្ញាតឱ្យដំណាក់កាលទីពីរនៃកិច្ចព្រមព្រៀងឈប់បាញ់អាចចាប់ផ្តើមបាន ខណៈបទឈប់បាញ់បច្ចុប្បន្នដែលកំពុងបន្ត ជិតផុតកំណត់នៅដើមខែក្រោយ។ ទោះជាយ៉ាងនេះក៏ដោយ ការទាមទារមួយទៀតរបស់អ៊ីស្រាអែល ដែលត្រូវឱ្យក្រុមប៉ាឡេស្ទីនរំសាយអាវុធ អាចជាលក្ខខណ្ឌមួយក្រុមដែលក្រុមសកម្មប្រយុទ្ធនេះបដិសេធ។
អ្នកវិភាគអ៊ីស្រាអែលមួយចំនួនព្រមានថា ការអនុញ្ញាតឱ្យក្រុមហាម៉ាស បន្តជាកម្លាំងយោធានៅខាងក្រៅរដ្ឋាភិបាល នឹងអាចឱ្យក្រុមនេះចម្លងតួនាទីរបស់ក្រុមហេសបូឡា របស់លីបង់ ដែលកាន់អំណាច និងឥទ្ធិពលយ៉ាងសំខាន់ក្នុងប្រទេស ទាំងផ្នែកយោធា និងនយោបាយ ទោះបីជាមិនគ្រប់គ្រងលីបង់ជាផ្លូវការក៏ដោយ៕

