ប្រទេសឥណ្ឌា បានធានាដល់និស្សិតមកពីប្រទេសនេប៉ាល់ ថានឹងធ្វើកិច្ចខិតខំប្រឹងប្រែងនដើម្បីធានាសុខុមាលភាពរបស់ពួកគេ បន្ទាប់ពីមានការតវ៉ាដ៏តានតឹង ដែលបង្កឡើងដោយការធ្វើអត្តឃាតរបស់ស្ត្រីនេប៉ាល់ម្នាក់ ដែលកំពុងសិក្សានៅរដ្ឋ Odisha ភាគខាងកើតរបស់ឥណ្ឌា។
ក្រុមមន្ត្រីនៃសាកលវិទ្យាល័យក្នុងរដ្ឋធានី Bhubaneswar របស់រដ្ឋនេះ រួមទាំងមានការចូលរួមពីនិស្សិតនេប៉ាល់ជាង ៤០០នាក់ បាននិយាយថា នគរបាលបានចាប់ខ្លួននិស្សិតប្រុសម្នាក់ ខណៈពួកគេស៊ើបអង្កេតការស្លាប់កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍មុន នៅឯកន្លែងស្នាក់នៅសម្រាប់ស្ត្រីមួយកន្លែង ថាពិតជាអត្តឃាត ឬយ៉ាងណា។

ស្ថានទូតឥណ្ឌានៅរដ្ឋធានីនេប៉ាល់ បាននិយាយកាលពីថ្ងៃចន្ទ (១៧ កុម្ភៈ) ថា "រដ្ឋាភិបាលឥណ្ឌា នឹងបន្តចាត់វិធានការចាំបាច់ទាំងអស់ដើម្បីធានាសុខុមាលភាពរបស់និស្សិតនេប៉ាល់ នៅឥណ្ឌា" ។
ការធានានេះបានធ្វើឡើងបន្ទាប់ពីមានការតវ៉ារបស់និស្សិតកាលពីថ្ងៃចន្ទ ដែលបានបិទផ្លូវជាច្រើនម៉ោង ដោយសាកលវិទ្យាល័យនិយាយថា បានបង្កឱ្យមាន "ភាពរអាក់រអួល និងភាពតានតឹងកាន់តែខ្លាំងឡើង"។ រូបភាពតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបង្ហាញថា សិស្សទាំងនោះបានស្រែកពាក្យតវ៉ា និងសម្រុកចូលទ្វារអគារសាលាយ៉ាងតានតឹង៕

