កូរ៉េខាងជើង នៅថ្ងៃអង្គារ (១៨ កុម្ភៈ) នេះ បានរិះគន់សហរដ្ឋអាមេរិក និងប្រទេសជិតខាងអាស៊ីរបស់ខ្លួន ចំពោះការបន្តគោលដៅ "ផ្ដេសផ្ដាសមិនសមហេតុផល" នៃការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ហើយនិយាយថា ទីក្រុងព្យុងយ៉ាងនឹងជំរុញឱ្យពង្រីកកម្លាំងនុយក្លេអ៊ែររបស់ខ្លួនក្រោមការដឹកនាំរបស់មេដឹកនាំ លោក Kim Jong Un។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកូរ៉េខាងជើងនេះ បានធ្វើឡើងបន្ទាប់ពីប្រមុខការទូតអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានជួបប្រជុំគ្នានៅក្នុងសន្និសីទសន្តិសុខអាល្លឺម៉ង់ ហើយអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរបបទណ្ឌកម្មអន្តរជាតិ ដើម្បីទប់ទល់នឹងមហិច្ឆតានុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង។

ក្រសួងកូរ៉េខាងជើង បានចោទអាមេរិក ថាព្យាយាមសម្រេចនូវ "ផែនការហួសសម័យ និងមិនសមហេតុផល" របស់ខ្លួននៃការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ហើយបានព្រមានពី "ការប្រឆាំងដ៏លើសលប់ និងដាច់ខាត" ទល់នឹងគូប្រជែង ប្រសិនបើខ្លួនយល់ថាសន្តិសុខរបស់កូរ៉េខាងជើង ស្ថិតនៅក្រោមការគំរាមកំហែង។
នេះគឺជាសេចក្តីថ្លែងការណ៍ចុងក្រោយបង្អស់របស់កូរ៉េខាងជើង ដែលចោទអាមេរិកថា រក្សាគោលនយោបាយអរិភាពប្រឆាំងនឹងទីក្រុងព្យុងយ៉ាង ខណៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានជៀសវាងការលើកឡើងដោយផ្ទាល់ពីឈ្មោះលោកប្រធានាធិបតីអាមេរិក Donald Trump៕

