មន្ត្រីអាមេរិក និងរុស្ស៊ី បានជួបប្រជុំគ្នា នៅថ្ងៃអង្គារ (ទី១៨ ខែកុម្ភៈ) ក្នុងទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីត ដើម្បីបើកកិច្ចពិភាក្សាដ៏សំខាន់បំផុត រវាងអតីតគូសត្រូវក្នុងសម័យសង្គ្រាមត្រជាក់ទាំង២ ស្តីពីការបញ្ចប់សង្គ្រាមរបស់ទីក្រុងមូស្គូ នៅប្រទេសអ៊ុយក្រែន។
ភាគីទាំង២ ត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីមធ្យោបាយ ដើម្បីបញ្ចប់ជម្លោះ នៅអ៊ុយក្រែន និងស្តារទំនាក់ទំនងអាមេរិក-រុស្ស៊ីឡើងវិញ។ ការសន្ទនានេះ អាចបើកផ្លូវឲ្យមានជំនួបកំពូល រវាងប្រធានាធិបតីអាមេរិក លោក Donald Trump និងសមភាគីរុស្ស៊ី លោក Vladimir Putin។

ចំណែកប្រទេសអ៊ុយក្រែនដែលមិនចូលរួមកិច្ចពិភាក្សានេះ លើកឡើងថា គ្មានកិច្ចព្រមព្រៀងសន្តិភាព អាចកើតមានឡើងតំណាងឲ្យខ្លួន នៅក្រុងរីយ៉ាដនោះទេ។
រុស្ស៊ី បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេស លោក Sergei Lavrov នឹងជួបជាមួយមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក ក្នុងនោះរួមមានទាំងរដ្ឋមន្ត្រីការបរទេស លោក Marco Rubio ក្នុងកិច្ចពិភាក្សាដែលនឹងផ្តោតលើការបញ្ចប់សង្គ្រាមអ៊ុយក្រែន និងការស្ដារឡើងវិញនូវទំនាក់ទំនងដ៏ «ស្មុគស្មាញទាំងស្រុង» រវាងប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក៕


