បន្ទាប់ពីរយៈពេលជិត ៣ឆ្នាំ នៃការរស់នៅក្រោមភាពភ័យខ្លាចឥតឈប់ឈរនៃការវាយប្រហារតាមអាកាស ខណៈដែលកងទ័ពទីក្រុងគីវ បន្តទប់ទល់កងកម្លាំងទីក្រុងមូស្គូ ប្រជាជនអ៊ុយក្រែនជាច្រើនទន្ទឹងចង់បានការបញ្ចប់សង្រ្គាម និងសន្តិភាព ប៉ុន្តែឥឡូវនេះមានការភ័យខ្លាចថា សន្តិភាពនោះអាចកើតឡើងក្នុងលក្ខខណ្ឌមិនអំណោយផលសម្រាប់ខ្លួន។
បណ្ដាមន្ត្រីជាន់ខ្ពស់អាមេរិក និងរុស្ស៊ី គ្រោងនឹងជួបប្រជុំគ្នានៅថ្ងៃអង្គារ (១៨ កុម្ភៈ) នេះ នៅអារ៉ាប៊ីសាអ៊ូឌីត ដើម្បីពិភាក្សាអំពីការបញ្ចប់សង្គ្រាម ដោយមិនមានការចូលរួមពីទីក្រុងគីវឡើយ ដែលបង្កភាពមិនស្រួលចិត្តដល់ជនជាតិអ៊ុយក្រែនមួយចំនួន ស្របពេលក្ដីបារម្ភថា ពួកគេនឹងមិនត្រូវអើពើ។

ឈរនៅក្បែរកន្លែងរំលឹកវិញ្ញាណក្ខន្ធសម្រាប់ទាហានអ៊ុយក្រែនកណ្តាលក្រុងគីវ ស្រ្តីពលរដ្ឋអ៊ុយក្រែនម្នាក់បាននិយាយទាំងខឹងសម្បារថា "អ៊ុយក្រែនជាអ្នករងគ្រោះ ហើយអ៊ុយក្រែនក៏ជាអ្នកប្រយុទ្ធក្នុងជម្លោះនេះដែរ តែហេតុអ្វីមិនឱ្យអ៊ុយក្រែនចូលរួម?"
ខណៈអ៊ុយក្រែន មិនចូលរួមក្នុងកិច្ចចរចានៅថ្ងៃអង្គារនេះ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកនិយាយថា កិច្ចចរចាសន្តិភាពពិតប្រាកដណាមួយនឹងធ្វើឡើងតែជាមួយការចូលរួមរបស់អ៊ុយក្រែនប៉ុណ្ណោះ។ ទោះជាយ៉ាងនេះក្ដី ប្រជាជនអ៊ុយក្រែនជាច្រើនកំពុងរង់ចាំមើលស្ថានការណ៍ពីអាមេរិកដោយក្តីបារម្ភ។ ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់អ៊ុយក្រែន ពោរពេញដោយការបង្ហោះដែលឆ្លុះបញ្ចាំងពីភាពមិនសប្បាយចិត្តយ៉ាងខ្លាំង ហើយមនុស្សជាច្រើននៅតែអន្ទះសារតាមដានដំណឹងថ្មីលើបញ្ហានេះ៕

