រដ្ឋាភិបាលលីបង់កាលពីថ្ងៃចន្ទ បានសម្រេចបន្តការផ្អាកជើងហោះហើរទៅ និងមក ពីប្រទេសអ៊ីរ៉ង់ ដោយមិនបានបញ្ជាក់ពីរយៈពេលនៃការពន្យារពេលទេ។
យោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យប្រធានាធិបតីលីបង់ ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងក្នុងអំឡុងពេលកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ដែលដឹកនាំដោយលោកប្រធានាធិបតី Joseph Aoun ដោយមានការចូលរួមពីនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ កិច្ចការបរទេស មហាផ្ទៃ និងដឹកជញ្ជូន។ ការពិភាក្សា បានផ្តោតលើការវិវឌ្ឍន៍ផ្នែកសន្តិសុខ នៅអាកាសយានដ្ឋានអន្តរជាតិ Rafic Hariri នៃទីក្រុងបេរូត Beirut និងវិធានការ ដើម្បីបង្កើនសុវត្ថិភាព នៅក្នុងតំបន់ជុំវិញនេះ។
រដ្ឋាភិបាលលីបង់ ក៏បានអះអាងសាជាថ្មីថា រាល់នីតិវិធីសុវត្ថិភាពដែលមានស្រាប់សម្រាប់ការត្រួតពិនិត្យយន្តហោះ នឹងនៅដដែល ដោយណែនាំសន្តិសុខអាកាសយានដ្ឋាន ឲ្យធានាបាននូវការអនុលោមពេញលេញជាមួយនឹងវិធីសាស្ត្រចាំបាច់។
កាលពីសប្តាហ៍មុន អាជ្ញាធរអាកាសចរណ៍ស៊ីវិលរបស់ប្រទេសលីបង់ បានប្រកាសពីការកំណត់ឡើងវិញ ជាបណ្តោះអាសន្ននៃជើងហោះហើរចូលមួយចំនួន រួមទាំងយន្តហោះមកពីប្រទេសអ៊ីរ៉ង់ ដោយលើកឡើងពីវិធានការប្រុងប្រយ័ត្ន ដើម្បីធានាសុវត្ថិភាពអាកាសយានដ្ឋាន។ ការកំណត់កាលវិភាគឡើងវិញនេះ ត្រូវបានគ្រោងបន្ត រហូតដល់ថ្ងៃទី ១៨ ខែកុម្ភៈនេះ។
ការសម្រេចចិត្តផ្អាកជើងហោះហើរអ៊ីរ៉ង់ បានកើតឡើង បន្ទាប់ពីអ្នកនាំពាក្យកងទ័ពអ៊ីស្រាអែលលោក Avichay Adraee បានចោទប្រកាន់កងកម្លាំង Quds របស់អ៊ីរ៉ង់ថា បានប្រើប្រាស់ជើងហោះហើរស៊ីវិលតាមរយៈអាកាសយានដ្ឋាន Beirut ដើម្បីរត់ពន្ធមូលនិធិសម្រាប់ក្រុមហេសបូឡា។