អង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទ បានអំពាវនាវសុំជំនួយទឹកប្រាក់ចំនួន ៦ពាន់លានដុល្លារ ដើម្បីផ្តល់ជំនួយដែលត្រូវការយ៉ាងខ្លាំង ដល់ប្រជាជនក្នុងប្រទេសស៊ូដង់ដែលត្រូវបានបំផ្លិចបំផ្លាញដោយសង្រ្គាម និងជនភៀសខ្លួនរាប់លាននាក់ដែលភៀសខ្លួនចេញពីស្ថានភាព«គួរឲ្យរន្ធត់»។
ទីភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិ OCHA និងទីភ្នាក់ងារជនភៀសខ្លួន UNHCR បាននិយាយនៅក្នុងសេចក្តីអំពាវនាវរួមមួយថា គោលបំណង គឺផ្តល់ជំនួយដល់ប្រជាជនជិត ២៦លាននាក់ នៅឆ្នាំនេះ។
ចាប់តាំងពីខែមេសា ឆ្នាំ ២០២៣ ស៊ូដង់ត្រូវបានជាប់គាំងនៅក្នុងជម្លោះដ៏ឃោរឃៅ រវាងប្រមុខកងទ័ព Abdel Fattah Al-Burhan និងអតីតអនុរបស់ខ្លួន លោក Mohamed Hamdan Dagalo ដែលដឹកនាំកងកម្លាំងយោធាប៉ារ៉ាគាំទ្ររហ័ស(RSP)។
ទីភ្នាក់ងារអង្គការសហប្រជាជាតិ បាននិយាយថា សង្គ្រាមស៊ីវិលបានធ្វើឲ្យមនុស្សចំនួន ១២លាននាក់ផ្លាស់ទីលំនៅ ដែលក្នុងនោះប្រហែល ៣,៥លាននាក់ បានភៀសខ្លួនចេញពីប្រទេសនេះ។
ពួកគេបានសង្កត់ធ្ងន់ថា ក្នុងពេលជាមួយគ្នានោះ ជិតពីរភាគបីនៃប្រជាជនស៊ូដង់ ត្រូវការជំនួយសង្គ្រោះបន្ទាន់ ខណៈដែលមួយភាគធំនៃប្រទេសនេះ កំពុងជួបប្រទះនឹងស្ថានភាពស្រេកឃ្លានយ៉ាងខ្លាំង។
ប្រធានផ្នែកមនុស្សធម៌អង្គការសហប្រជាជាតិ លោក Tom Fletcher បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ប្រទេសស៊ូដង់ មានវិបត្តិមនុស្សធម៌ ក្នុងទំហំមួយគួរឲ្យព្រួយបារម្ភ»។