លោក Kirill Dmitriev ប្រធានមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី (RDIF) បានប្រាប់ទូរទស្សន៍ CNN ថាទំនាក់ទំនងរវាងទីក្រុងមូស្គូ និងវ៉ាស៊ីនតោន ពិតជាមានសារៈសំខាន់សម្រាប់ពិភពលោកទាំងមូល។
នាពេលមុននេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេ ឡាវរ៉ូវ ( Sergey Lavrov) និងជំនួយការប្រធានាធិបតីលោក Yury Ushakov បានទៅដល់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដើម្បីពិភាក្សាជាមួយគណៈប្រតិភូអាមេរិក។ លោក Ushakov បាននិយាយថា Dmitriev អាចចូលរួមក្នុងការចរចានេះ។
នៅពេលសួរអំពីការរំពឹងទុករបស់ខ្លួនពីកិច្ចពិភាក្សានេះ លោក Dmitriev បាននិយាយថា៖« ខ្ញុំគិតថា វាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការកសាងស្ពានទំនាក់ទំង។ ខ្ញុំគិតថា ទំនាក់ទំនងរុស្ស៊ី-អាមេរិក មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ពិភពលោក។ ខ្ញុំគិតថា វាមានសារៈសំខាន់ខ្លាំងណាស់ ដែលសហរដ្ឋអាមេរិក និងរុស្ស៊ី សហការគ្នា ហើយការរួមគ្នានេះ យើងអាចដោះស្រាយបញ្ហានានាបាន»។
លោក Dmitriev បានបញ្ជាក់ថា លោក បានរៀបចំជំនួបខ្លះជាមួយសមាជិករក្រុមរបស់លោក ត្រាំ នៅក្នុងទីក្រុងរីយ៉ាដរួចហើយ។ លោក បានបន្ថែមថា អ្វីដែលខ្ញុំអាចនិយាយបានគឺថា ពួកគេ គឺជាអ្នកដោះស្រាយបញ្ហាដ៏អស្ចារ្យ។ ខ្ញុំគិតថា លោកប្រធានាធិបតី ត្រាំ គឺជាអ្នកដោះស្រាយបញ្ហាដ៏អស្ចារ្យ ហើយក្រុមរបស់លោក គឺជាក្រុមអ្នកដោះស្រាយបញ្ហាដ៏អស្ចារ្យ»។
គណៈប្រតិភូរុស្ស៊ី និងអាមេរិក នឹងធ្វើកិច្ចពិភាក្សា នៅទីក្រុងរីយ៉ាដ នៅថ្ងៃទី ១៨ ខែកុម្ភៈនេះ។ ពួកគេត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីមធ្យោបាយ ដើម្បីស្តារឡើងវិញនូវទំនាក់ទំនងទ្វេភាគីទាំងស្រុង ក៏ដូចជាការត្រៀមរៀបចំសម្រាប់ការចរចា អំពីការដោះស្រាយបញ្ហាអ៊ុយក្រែន និងកិច្ចប្រជុំរវាងមេដឹកនាំរុស្ស៊ី និងសហរដ្ឋអា មេរិក។
ប្រទេសរុស្ស៊ីនឹងត្រូវបានតំណាងនៅក្នុងកិច្ចពិភាក្សាដោយរដ្ឋមន្ត្រីការបរទេស លោក សឺហ្គេ ឡាវរ៉ូវ និង ជំនួយការប្រធានាធិបតីលោក Yury Ushakov ។ យោងតាម CNN បានឲ្យដឹងថា សហរដ្ឋអាមេរិក នឹងត្រូវបានតំណាងដោយទីប្រឹក្សាសន្តិសុខជាតិរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ លោក Mike Waltz និងរដ្ឋមន្ត្រីការបរទេសលោក Marco Rubio និងបេសកជនពិសេសសម្រាប់មជ្ឈិមបូព៌ាលោក Steve Witkoff ។