លោក Emmanuel Macron បានជួបពិភាក្សាដាច់ដោយឡែកពីគ្នាជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ដោយមានគោលបំណងធ្វើយ៉ាងណា ដើម្បីឲ្យមានភាពស៊ីចង្វាក់គ្នាជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីលោកប្រធានាធិបតីបារាំងរូបនេះ បានដឹកនាំកិច្ចប្រឹងប្រែង ក្នុងការនាំអឺរ៉ុបទៅកាន់តុពិភាក្សា ស្តីពីការបញ្ចប់សង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន។
លោក Macron បានធ្វើការសន្ទនាតាមទូរសព្ទ បន្ទាប់ពីបានកោះអញ្ជើញឲ្យមានកិច្ចប្រជុំកំពូលតូចមួយយ៉ាងប្រញាប់ប្រញាល់ កាលពីថ្ងៃចន្ទ (ទី១៧ ខែកុម្ភៈ) នៅទីក្រុងប៉ារីស ជាមួយមេដឹកនាំអឺរ៉ុបមួយចំនួន ដើម្បីពិភាក្សាអំពីបញ្ហាអ៊ុយក្រែន និងមធ្យោបាយដែលអាចធ្វើទៅបាន ដើម្បីជំរុញការចំណាយលើវិស័យការពារជាតិរបស់អឺរ៉ុប។ ការជួបជុំគ្នានេះ កើតមានឡើងបន្ទាប់ពីមេដឹកនាំសហភាពអឺរ៉ុប (EU) មានការភ្ញាក់ផ្អើលចំពោះល្បឿននៃការជំរុញរបស់លោក Trump ដើម្បីចាប់ផ្តើមកិច្ចពិភាក្សាជាមួយលោកប្រធានាធិបតី Vladimir Putin ដោយមន្ត្រីអាមេរិក និងរុស្ស៊ីដែលគ្រោងជួបនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ក្នុងសប្តាហ៍នេះ។
លោក Macron បានបង្ហោះនៅលើគណនីបណ្ដាញសង្គម X របស់លោកថា៖ «យើងស្វែងរកសន្តិភាពដ៏រឹងមាំ និងយូរអង្វែង នៅអ៊ុយក្រែន។ ដើម្បីសម្រេចបាននូវចំណុចនេះ រុស្ស៊ីត្រូវតែបញ្ចប់ការលុកលុយរបស់ខ្លួន ហើយការធ្វើបែបនេះត្រូវតែអមដោយការធានាសន្តិសុខដ៏រឹងមាំ និងគួរឲ្យទុកចិត្ត សម្រាប់អ៊ុយក្រែន។ លោកបានបន្ថែមថា៖ «យើងនឹងធ្វើការលើបញ្ហានេះរួមគ្នាជាមួយប្រជាជនអឺរ៉ុប អាមេរិក និងអ៊ុយក្រែនគ្រប់រូប។ ទាំងអស់នេះ គឺជាកត្តាចាំបាច់ ដើម្បីសម្រេចបានសន្តិភាព»។
លោក Macron បានបញ្ជាក់ថា លោកនឹងធ្វើការពិភាក្សាបន្ថែមទៀត ហើយការងារ នឹងបន្តធ្វើ «ទាំងផ្នែកគាំទ្រអ៊ុយក្រែន និងផ្នែកការអភិវឌ្ឍ និងការវិនិយោគលើវិស័យការពារជាតិ»។ កាលពីសប្តាហ៍មុន នៅឯសន្និសិទសន្តិសុខទីក្រុង Munich ប្រទេសអាល្លឺម៉ង់ មន្រ្តីអាមេរិក បាននិយាយក្នុងលក្ខខណ្ឌធ្ងន់ៗថា មានដែនកំណត់ ដែលទីក្រុងវ៉ាស៊ីនតោនត្រៀមខ្លួនធ្វើសកម្មយោធា នៅអឺរ៉ុប៕