លោក Fu Cong តំណាងអចិន្ត្រៃយ៍របស់ចិន ប្រចាំនៅអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃចន្ទ (ទី១៧ ខែកុម្ភៈ) បាននិយាយថា ប្រទេសចិនស្វាគមន៍រាល់កិច្ចប្រឹងប្រែង ដើម្បីឲ្យមានសន្តិភាព នៅក្នុងប្រទេសអ៊ុយក្រែន ក្នុងនោះរួមទាំងកិច្ចព្រមព្រៀងថ្មីៗនេះ ដែលសហរដ្ឋអាមេរិក និងរុស្ស៊ី សម្រេចបាន ដើម្បីចាប់ផ្តើមកិច្ចចរចាសន្តិភាព។
ក្នុងសុន្ទរកថា នៅឯកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ស្តីពីបញ្ហាអ៊ុយក្រែន លោក Fu បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ប្រទេសចិន ក្នុងការដោះស្រាយជម្លោះ និងការប្រយុទ្ធគ្នាជាសកល តាមរយៈការសន្ទនា និងការពិគ្រោះយោបល់ ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ។
លោកបានរំលឹកឡើងវិញនូវកិច្ចព្រមព្រៀងទីក្រុង Minsk (មីនស្ក៍) ដែលបានកើតឡើងកាលពី ១០ឆ្នាំមុន ដោយកត់សម្គាល់ថា កិច្ចព្រមព្រៀងនោះ ត្រូវបានអនុម័តយល់ព្រមដោយ UNSC និងតំណាងឲ្យការមាន «ទិសដៅដ៏ត្រឹមត្រូវ» ដើម្បីដោះស្រាយភាពមិនចុះសម្រុងគ្នា និងជម្លោះនានា។
តែយ៉ាងណាក្ដី លោក Fu បានសម្តែងការសោកស្តាយ ចំពោះការបរាជ័យ ក្នុងការអនុវត្តឲ្យបានពេញលេញ ដោយលោកបញ្ជាក់ថា កិច្ចព្រមព្រៀងនេះមានគោលបំណងបន្ធូរបន្ថយស្ថានការណ៍ ប៉ុន្តែមិនអាចសម្រេចបាន ដែលនាំឲ្យវិបត្តិកាន់តែធ្ងន់ធ្ងរឡើងៗ ហើយជម្លោះទ្រង់ទ្រាយធំនៅតែបន្តមានរហូតដល់សព្វថ្ងៃនេះ។
លោក Fu បានលើកឡើងថា៖ «ការបរាជ័យនៃកិច្ចព្រមព្រៀងទីក្រុង Minsk គឺពិតជាគួរឲ្យសោកស្ដាយណាស់ ហើយមេរៀនប្រវត្តិសាស្ត្ររបស់កិច្ចព្រមព្រៀងនេះ បានឆ្លុះបញ្ចាំងយ៉ាងស៊ីជម្រៅ»។
លោកសង្កត់ធ្ងន់ថា ចាប់ពីថ្ងៃវិបត្តិកើតមានឡើង ប្រទេសចិនបានគាំទ្រឲ្យមានដំណោះស្រាយនយោបាយ តាមរយៈការសន្ទនា និងការពិគ្រោះយោបល់៕