បន្ទាប់ពីជួបប្រជុំជាមួយបណ្ដាមេដឹកនាំអឺរ៉ុប នៅទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីពិភាក្សា ស្តីពីបញ្ហាអ៊ុយក្រែន នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk កាលពីថ្ងៃចន្ទ (ទី១៧ ខែកុម្ភៈ) បាននិយាយថា ការចំណាយលើវិស័យការពារជាតិ នឹងមិនត្រូវបានចាត់ចូលក្នុងនីតិវិធីឱនភាពលើសលប់របស់សហភាពអឺរ៉ុប (EU) នោះទេ។
ជាមួយគ្នានេះ លោក Tusk បានបន្ថែមថា បណ្ដាមេដឹកនាំទាំងអស់ នៅក្នុងកិច្ចប្រជុំនេះ មានមតិស្រដៀងគ្នាទៅនឹងប្រទេសប៉ូឡូញ លើបញ្ហាសំខាន់ៗ ហើយបានយល់ស្របគ្នាថា កិច្ចសហប្រតិបត្តិការជិតស្និទ្ធ នៅក្នុងអង្គការណាតូ គឺជារឿងចាំបាច់។

គួរបញ្ជាក់ថា មេដឹកនាំនៃប្រទេសបារាំង អង់គ្លេស អាល្លឺម៉ង់ ដាណឺម៉ាក ប៉ូឡូញ អ៊ីតាលី អេស្ប៉ាញ និងហូឡង់ ព្រមទាំងមន្ត្រីជាន់ខ្ពស់មកពីអង្គការណាតូ និងសហភាពអឺរ៉ុប បាន និងកំពុងបើកកិច្ចប្រជុំបន្ទាន់មួយ នៅទីក្រុងប៉ារីស កាលពីថ្ងៃចន្ទ។
កិច្ចប្រជុំកំពូលបន្ទាន់របស់អឺរ៉ុបនៅទីក្រុងប៉ារីសនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីរដ្ឋបាលរបស់លោក Donald Trump ដែលជាអ្នកគាំទ្រយោធាដ៏សំខាន់របស់ទីក្រុងគីវ បានប្រកាសថា ខ្លួននឹងពិភាក្សាជាមួយរុស្ស៊ី ដើម្បីស្វែងរកការបញ្ចប់សង្រ្គាម នៅអ៊ុយក្រែន៕


