ក្រុមសកម្មប្រយុទ្ធនៅក្នុងប្រទេសប៉ាគីស្ថាន បានវាយឆ្មក់នៅពេលយប់ ទៅលើកម្លាំងសន្តិសុខ ដែលកំពុងឆ្លើយតបទៅនឹងការវាយប្រហារមុននេះ ទៅលើរថយន្តជំនួយនៅភាគពាយព្យដែលមានបញ្ហានៃប្រទេសនេះ ដោយនាំឲ្យមានការបាញ់ប្រហារ ដែលទាហាន ៤នាក់ ត្រូវបានសម្លាប់។
ការវាយឆ្មក់នេះ បានកើតឡើងប៉ុន្មានម៉ោង បន្ទាប់ពីអាជ្ញាធរ បានបញ្ជូនកងកម្លាំងបន្ថែម ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារកាលពីថ្ងៃចន្ទ លើក្បួនរថយន្តជំនួយដែលក្នុងនោះអ្នកបើកបរ និងមន្ត្រីសន្តិសុខម្នាក់ ត្រូវបានសម្លាប់នៅក្នុងស្រុកKurram នៃខេត្ត Khyber Pakhtunkhwa ដែលមានភាពជ្រួល ច្របល់។
ក្រុមមន្ត្រីបាននិយាយថា កងកម្លាំងសន្តិសុខមួយចំនួន បានរងរបួសផងដែរ នៅក្នុងការវាយឆ្មក់នៅពេល យប់ នៅក្នុងទីក្រុង Kurram ជាកន្លែងដែលមនុស្សយ៉ាងហោចណាស់ ១៣០នាក់ បានស្លាប់ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ នៅក្នុងការប៉ះទង្គិចគ្នារវាងគូប្រជែងនិកាយស៊ីអ៊ីត និងកុលសម្ព័ន្ធស៊ុននី។ អាជ្ញាធរ បាននិយាយថា រថយន្តដឹកទំនិញជាច្រើនគ្រឿងដែលកំពុងធ្វើដំណើរឆ្ពោះ ទៅកាន់ទីក្រុង Parachinar ដែលជាទីក្រុងសំខាន់ នៅក្នុងស្រុក Kurram ត្រូវបានលួច និងដុតបំផ្លាញ។
លោក Qaiser Abbas វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យមួយក្នុងទីក្រុង Parachinar បាននិយាយថា ពួកគេបានទទួលសាកសពរបស់កងកម្លាំងសន្តិសុខ ៤នាក់ កាលពីយប់ថ្ងៃចន្ទពីស្រុក Kurram ជាកន្លែងដែលអាជ្ញាធរ បានកត់សម្គាល់ថា ប្រតិបត្តិការទ្រង់ទ្រាយធំមួយ កំពុងត្រូវបានរៀបចំឡើង ដើម្បីព្យាយាមចាប់ខ្លួនជនល្មើសនៃការវាយប្រហារនេះ ។
ពុំមានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារចុងក្រោយនេះទេ ប៉ុន្តែការសង្ស័យទំនងជាធ្លាក់ទៅលើក្រុមសកម្មប្រយុទ្ធស៊ុននី។