អង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារ បានរាយការណ៍ពីការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លា នៅភាគខាងជើងប្រទេសស៊ូដង់ខាងត្បូង ដែលបានសម្លាប់ជនស៊ីវិល និងបានបង្កឲ្យកងរក្សាសន្តិភាពម្នាក់ រងរបួស។
ប្រទេសសម្បូរប្រេង ប៉ុន្តែក្រីក្រដែលទើបតែទទួលបានឯករាជ្យ នៅឆ្នាំ ២០១១ ត្រូវញាំញីដោយអស្ថិរភាពដោយមានការប៉ះទង្គិចគ្នាជាញឹកញាប់ និងជម្លោះនយោបាយ។
បេសកកម្មរបស់អង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង (UNMISS) បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការប្រយុទ្ធគ្នា បានផ្ទុះឡើងរវាងកងកម្លាំងការពារប្រជាជនស៊ូដង់ខាងត្បូង (SSPDF) និង «យុវជនប្រដាប់អាវុធ» នៅ Nassir ក្នុងរដ្ឋ Upper Nile ដែលមានព្រំប្រទល់ជាប់ប្រទេសស៊ូដង់ កាលពីថ្ងៃទី ១៤ និង ១៥ ខែកុម្ភៈ។
បេសកកម្មនេះ មិនកំណត់អត្តសញ្ញាណក្រុមប្រដាប់អាវុធ ដែលប៉ះទង្គិចជាមួយកងកម្លាំង SSPDF ដែលជាកម្លាំងយោធាជាតិដឹកនាំដោយលោកប្រធានាធិបតី Salva Kiir ដែលជាប្រមុខរដ្ឋាភិបាលរួបរួមរបស់ប្រទេសនេះទេ។
សេចក្តីថ្លែងការណ៍ បានឲ្យដឹងថា យុទ្ធជនមួយចំនួន បានប្រើប្រាស់ «អាវុធធុនធ្ងន់ ដែលបានបណ្តាលឲ្យមនុស្សស្លាប់ និងរបួសដល់ជនស៊ីវិល ក៏ដូចជាបុគ្គលិកប្រដាប់អាវុធ»។