មន្ត្រីលីបង់ កាលពីថ្ងៃចន្ទ (ទី១៧ ខែកុម្ភៈ) បានប្រាប់ឲ្យដឹងថា កងទ័ពអ៊ីស្រាអែល បានចាប់ផ្តើមដកចេញពីភូមិមួយចំនួន នៅតំបន់ព្រំដែន បន្ទាប់ពីយោធារបស់អ៊ីស្រាអែល បានប្រាប់ថា វានឹងស្ថិតនៅក្នុង «ចំណុចយុទ្ធសាស្ត្រ» ចំនួន ៥ ពោលគឺប៉ុន្មានម៉ោងមុនពេលដល់កាលកំណត់បទឈប់បាញ់ ដែលតម្រូវឲ្យដកកងកម្លាំងចេញ។
នៅមុននេះ ប្រធានាធិបតីលីបង់ បានបង្ហាញការព្រួយបារម្ភ ដែលថា អ៊ីស្រាអែលនឹងមិនអាចបំពេញតាមកាលកំណត់ថ្ងៃទី១៨ ខែកុម្ភៈ ក្រោមបទឈប់បាញ់ រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ហើយបានជំរុញឲ្យប្រទេសនានាដាក់សម្ពាធលើប្រទេសនេះ ដើម្បីឲ្យគោរពការអនុវត្តនេះ។

ដោយសុំនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយសារការពិភាក្សាអំពីបញ្ហារសើបនេះ មន្ត្រីសន្តិសុខរូបនេះ បានប្រាប់សារព័ត៌មាន AFP ថា៖ «កងកម្លាំងអ៊ីស្រាអែល កំពុងចាប់ផ្តើមដកចេញបណ្ដើរពីភូមិ នៅព្រំដែន ក្នុងនោះរួមទាំងភូមិ Mais al-Jabal និង Blida ខណៈដែលកងទ័ពលីបង់ចូលទៅជំនួស»។
អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោកវរសេនីយ៍ទោ Nadav Shoshani បាននិយាយមុននេះថា៖ «ផ្អែកលើស្ថានភាពបច្ចុប្បន្ន យើងនឹងដាក់ពង្រាយកងទ័ពចំនួនតិចតួចជាបណ្តោះអាសន្ន នៅក្នុងចំណុចយុទ្ធសាស្ត្រចំនួន៥ នៅតាមព្រំដែន ក្នុងប្រទេសលីបង់»។
លោក Shoshani បានបន្ថែមថា ការសម្រេចនេះ បានកើតឡើង «ដើម្បីឲ្យយើងអាចបន្តការពារអ្នកស្រុករបស់យើង និងដើម្បីធ្វើឲ្យប្រាកដថា មិនមានការគំរាមកំហែងភ្លាមៗ កើតមានឡើងនោះទេ»។
គួរបញ្ជាក់ថា អ៊ីស្រាអែលត្រូវបញ្ចប់ការដកកងកម្លាំងរបស់ខ្លួន នៅថ្ងៃអង្គារ ទី ១៨ ខែកុម្ភៈ បន្ទាប់ពីបានខកខានមិនបានអនុវត្តតាមកាលកំណត់ កាលពីខែមករា៕

