ជនស៊ីវិលកុងហ្គោដែលរត់ភៀសខ្លួនចេញពីទីក្រុង Bukavu ស្ថិតនៅភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បន្ទាប់ពីការទង្គិចគ្នារវាងក្រុមឧទ្ទាម M23 និងកងទ័ពកុងហ្គោ បានធ្វើដំណើរមកដល់តាមរថយន្តក្រុង និងកាន់ទ្រព្យសម្បត្តិរបស់ពួកគេ ដើរសំដៅទៅកាន់ច្រកឆ្លងកាត់ព្រំដែន Rusizi ដើម្បីវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញ ។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ តំបន់ភាគខាងកើតកុងហ្គោ បានមើលឃើញអំពើហិង្សាកើនឡើង ជាពិសេសនៅទីក្រុង Bukavu ដែលជារដ្ឋធានីពាណិជ្ជកម្មរបស់ខេត្ត South Kivu ។

ការដណ្តើមបានទឹកដីកាលពីពេលថ្មីៗរបស់ក្រុមឧទ្ទាម M23 នៅខេត្ត North Kivu និងខេត្ត South Kivu មានន័យថា ពួកគេដណ្តើមបានដែនដីច្រើនជាងការបះបោរណាៗទាំងអស់ ចាប់តាំងពីការបញ្ចប់សង្រ្គាមធំៗចំនួន ២ដែលមានរយៈពេលចាប់ពីឆ្នាំ ១៩៩៦ រហូតដល់ឆ្នាំ ២០០៣ ។ ការរុលចូលទាំងនេះ បានធ្វើឲ្យពួកគេគ្រប់គ្រងតំបន់មួយចំនួនដែលសម្បូរធនធានរ៉ែដ៏មានតម្លៃ ។
យោងតាមការអះអាងរបស់អង្គការសហប្រជាជាតិ(UN) បានឲ្យដឹងថា កាលពីថ្ងៃអាទិត្យកន្លងទៅ មាននូវសញ្ញាប៉ះទង្គិចគ្នា និងការបង្ហូរឈាមគ្នាតិចតួចប៉ុណ្ណោះ ដែលមិនដូចការដណ្តើមបានទីក្រុង Goma ពេលដែលមនុស្សប្រហែល ៣ពាន់នាក់ ត្រូវបានសម្លាប់ ។
ពលរដ្ឋរស់នៅក្នុងទីក្រុង Bukavu និយាយថា ពួកគេបានមើលឃើញទាហាន M23 ធ្វើដំណើរឆ្លងកាត់ស្រុកភាគកណ្តាល ចាប់តាំងពីពេលព្រឹកមកម្ល៉េះ ដោយគ្មានសញ្ញាតបតណាមួយនោះឡើយ ។
សូមបញ្ជាក់ថា កុងហ្គោដែលជាប្រទេសផលិតលោហៈធាតុគូប័ល(Cobalt)លំដាប់កំពូលរបស់ពិភពលោក និងជាប្រទេសផ្គត់ផ្គង់ស្ពាន់ដ៏សំខាន់នោះ ប្រឈមនឹងក្តីបារម្ភថ្មីពីផលប៉ះពាល់ដោយសារជម្លោះលើការនាំចេញរ៉ែសំខាន់ៗរបស់ខ្លួន ៕

