ក្រុមមន្រ្តីនិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ក្រុមភ្នាក់ងារបរិស្ថានប្រេស៊ីល រឹបអូសបានឈើជាង ៥ពាន់រថយន្ត នៅក្នុងប្រតិបត្តិការទ្រង់ទ្រាយធំមានគោលដៅលើតំបន់មួយក្នុងចំណោមតំបន់កាប់ឈើខ្លាំងបំផុតនៅព្រៃជប់ភ្លៀងអាម៉ាហ្សូន នារយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ។
ការវាយឆ្មក់នេះ បានចាប់ផ្តើមគម្រោងប្រតិបត្តិការ Maravalha ដែលមានរយៈពេល ១ឆ្នាំ នៅរដ្ឋ Amazonas, Para និងរដ្ឋ Rondonia ។ រដ្ឋាភិបាលប្រេស៊ីល រំពឹងថា ប្រតិបត្តិការ Maravalha នឹងក្លាយជាប្រតិបត្តិការទ្រង់ទ្រាយធំបំផុតរបស់ខ្លួន ក្នុងរយៈពេល ៥ឆ្នាំ ។
ទីភ្នាក់ងារការពារបរិស្ថាន Ibama ដែលដឹកនាំប្រតិបត្តិការនេះ បានបិទរោងម៉ាស៊ីនអារឈើរាប់សិបកន្លែង ហើយនិងធ្វើការផាកពិន័យជាទឹកប្រាក់ ២,៧លានដុល្លារ អំឡុងការវាយឆ្មក់រយៈពេល ២សប្តាហ៍ ។
លោក Jair Schmitt គឺជាប្រធានទីភ្នាក់ងារ Ibama និយាយថា គោលដៅនៃប្រតិបត្តិការនេះ គឺដើម្បីទប់ស្កាត់ការកាប់ឈើខុសច្បាប់នៅតាមតំបន់អភិរក្សព្រៃឈើ ហើយនិងនៅតាមដែនដីជនជាតិដើមភាគតិចដែលមានអត្រាកាប់បំផ្លាញព្រៃឈើខ្ពស់បំផុតរបស់ប្រទេសប្រេស៊ីល ។
លោក Schmitt បន្តថា ក្រុមអ្នកស៊ើបអង្កេត កំពុងធ្វើសវនកម្មគម្រោងកាប់ឈើនៅតាមតំបន់ឯកជនដែលសង្ស័យក្លែងបន្លំឯកសាររដ្ឋាភិបាល ដើម្បីបិទបាំងប្រភពដើមពិតប្រាកដរបស់ឈើដែលទទួលបានដោយខុសច្បាប់ ៕



