កាសែត New York Times រាយការណ៍ថា កាលពីថ្ងៃចន្ទម្សិលមិញ រដ្ឋាភិបាលរុស្ស៊ី បានដោះលែងពលរដ្ឋសហរដ្ឋអាមេរិកដែលត្រូវបានឃុំឃាំងក្នុងបទចោទប្រកាន់គ្រប់គ្រងកញ្ឆាបរិមាណតិចតួច មុនកិច្ចប្រជុំរវាងក្រុមមន្រ្តីរុស្ស៊ី និងសហរដ្ឋអាមេរិកនៅប្រទេសអារ៉ាប៊ីសាអូឌីត ។
លោក Kalob Byers Wayne វ័យ ២៨ឆ្នាំ ត្រូវបានឃាត់ខ្លួននៅអាកាសយានដ្ឋាន Vnukovoស្ថិតក្នុងទីក្រុងម៉ូស្គូ អំឡុងពេលពិនិត្យអ៊ីវ៉ាន់កាលពីថ្ងៃទី ៧ ខែកុម្ភៈ ក្រោយមន្រ្តីគយរកឃើញកញ្ឆានៅក្នុងអ៊ីវ៉ាន់របស់គាត់ ។
យោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា លោក Byers បានធ្វើដំណើរមកពីទីក្រុង Istanbul ប្រទេសទួរគីជាមួយគូដណ្តឹងជនជាតិរុស្ស៊ីរបស់លោក ដែលត្រូវបានឃាត់ខ្លួនផងដែរ ។
ក្រុមអាជ្ញាធរ និយាយថា គាត់បានព្យាយាមរត់ពន្ធគ្រឿងញៀនបរិមាណច្រើនចូលក្នុងប្រទេសរុស្ស៊ី ហើយនិងបានឃុំខ្លួនរូបលោកពីបទរត់ពន្ធគ្រឿងញៀនដែលអាចជាប់ពន្ធនាគាររហូតដល់ ១០ឆ្នាំ ។
កាសែតឯករាជ្យ Meduza របស់រុស្ស៊ី រាយការណ៍កាលពីថ្ងៃចន្ទដោយលើកប្រភពសារបង្ហោះលើ Facebook របស់ឪពុកម្តាយគាត់ថា លោក Byers កំពុងស្ថិតនៅស្ថានទូតសហរដ្ឋអាមេរិកក្នុងទីក្រុងម៉ូស្គូ ជាទីដែលលោករង់ចាំជើងហោះវិលត្រឡប់ទៅផ្ទះវិញ ។
កាសែត New York Times រាយការណ៍ថា អ្នកនាំពាក្យវិមានក្រឹមឡាំងបាននិយាយថា កិច្ចប្រជុំនៅប្រទេសអារ៉ាប៊ីសាអូឌីតនៅថ្ងៃអង្គារនេះ មានគោលដៅស្តាឡើងវិញទំនាក់ទំនងរវាងទីក្រុងម៉ូស្គូ និងទីក្រុងវ៉ាស៊ីនតោន ដូច្នេះហើយហេតុការណ៍ជាក់ស្តែងអាចនឹងត្រូវពិនិត្យនៅក្នុងបរិបទមួយនេះ ៕