រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Ali Yerlikaya បាននិយាយនៅថ្ងៃអង្គារនេះថា នគរបាលទួរគី បានឃុំខ្លួនសមាជិកដែលគេសង្ស័យចំនួន ២៨២នាក់ នៃគណបក្សពលករឃើដ ឬ PKK ដែលជាក្រុមសកម្មប្រយុទ្ធ ក្នុងការវាយឆ្មក់ក្នុងរយៈពេល ៥ថ្ងៃ ចុងក្រោយនេះ។
ការវាយឆ្មក់នេះ បានកើតឡើង នៅពេលដែលទួរគី បន្តដកអភិបាលក្រុងដែលគាំទ្រជនជាតិឃើដជាប់ឆ្នោត ចេញពីមុខតំណែងរបស់ពួកគេ ជុំវិញទំនាក់ទំនងសកម្មប្រយុទ្ធ ក្នុងការបង្រ្កាបដែលស្របពេលជាមួយនឹងក្តីសង្ឃឹមសម្រាប់ការបញ្ចប់ជម្លោះរយៈពេល ៤០ឆ្នាំរវាង PKK និងអាជ្ញាធរ។
មេដឹកនាំ PKK ដែលជាប់ពន្ធនាគារលោក Abdullah Ocalan ត្រូវបានគេរំពឹងថា នឹងធ្វើសេចក្តីថ្លែងការណ៍ស្តីពីកិច្ចខិតខំប្រឹងប្រែងបែបនេះ ៤ខែ បន្ទាប់ពីសម្ព័ន្ធមិត្តរបស់លោកប្រធានាធិបតី តាយីប អឺដូហ្កាន់ (Tayyip Erdogan) បានជំរុញលោកអំពាវនាវឲ្យក្រុមសកម្មប្រយុទ្ធ ទម្លាក់អាវុធចុះ។
លោករដ្ឋមន្ត្រី បាននិយាយនៅលើបណ្តាញសង្គម X ថា នគរបាលបានធ្វើការវាយឆ្មក់ប្រឆាំងភេរវកម្ម នៅសប្តាហ៍នេះ នៅក្នុងខេត្តចំនួន ៥១ ក៏ដូចជា នៅក្នុងរដ្ឋធានីអង់ការ៉ា និងទីក្រុងធំបំផុតគឺ អ៊ីស្តង់ប៊ុល។