វិមានក្រឹមឡាំង នៅថ្ងៃអង្គារ (ទី១៨ ខែកុម្ភៈ) បានប្រាប់ឲ្យដឹងថា វាគឺជាសិទ្ធិអធិបតេយ្យភាពរបស់អ៊ុយក្រែន ក្នុងការសម្រេចថា តើខ្លួនចង់ចូលរួមជាមួយសហភាពអឺរ៉ុប (EU) ឬអត់ ហើយថា ទីក្រុងមូស្គូមិនមានចេតនាបង្គាប់បញ្ជាទីក្រុងគីវថា តើខ្លួនគួរតែដោះស្រាយបញ្ហានេះយ៉ាងដូចម្ដេច។
នៅពេលត្រូវបានសួរថា តើអ៊ុយក្រែនអាចចូលរួមជាមួយ EU នៅថ្ងៃណាមួយដែរ ឬទេ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឆ្លើយថា៖ «នេះគឺជាសិទ្ធិអធិបតេយ្យភាពរបស់ប្រទេសនីមួយៗ»។
លោកបានបន្តថា៖ «យើងកំពុងនិយាយ អំពីការធ្វើសមាហរណកម្ម និងដំណើរការសមាហរណកម្មសេដ្ឋកិច្ច។ ហើយក្នុងដំណើរការនេះ ពិតណាស់គ្មាននរណាម្នាក់អាចបង្គាប់បញ្ជាអ្វីទៅប្រទេសណាមួយបានឡើយ ហើយយើងនឹងមិនធ្វើដូច្នេះទេ»។
តែយ៉ាងណាក្ដី លោក Peskov បានបន្ថែមថា ជំហររបស់រុស្ស៊ី គឺខុសគ្នា នៅពេលដែលមានពាក់ព័ន្ធដល់ការចូលរួមរបស់អ៊ុយក្រែនជាមួយសម្ព័ន្ធភាពយោធា។ លោកបានសង្កត់ធ្ងន់ថា៖ «ពិតណាស់មានជំហរខុសគ្នាទាំងស្រុង លើបញ្ហាសន្តិសុខដែលទាក់ទងនឹងវិស័យការពារជាតិ ឬសម្ព័ន្ធភាពយោធា»៕